សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យមានការស៊ើបអង្កេតពេញលេញ ពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការរំលោភលើការបោះឆ្នោត នៅប្រទេសហ្សកហ្ស៊ី ជាកន្លែងដែលប្រធានាធិបតី បានជំរុញឲ្យមានការតវ៉ា នៅថ្ងៃចន្ទ (ទី២៨ ខែតុលា) នេះ បន្ទាប់ពីមាននូវការបោះឆ្នោតសភាដ៏ចម្រូងចម្រាស។
លទ្ធផលដែលស្ទើរតែត្រូវបានរាប់គ្រប់តំបន់ហើយនោះ គឺជាការប៉ះទង្គិចដ៏ធំមួយដល់ប្រជាជនហ្សកហ្ស៊ីគាំទ្រលោកខាងលិចដែលបានបោះឆ្នោត ដើម្បីជ្រើសរើស រវាងគណបក្សកាន់អំណាចដែលមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយរុស្ស៊ី និងក្រុមប្រឆាំងដែលមានគោលបំណងធ្វើសមាហរណកម្មឲ្យបានលឿនជាមួយអឺរ៉ុប។
លោកស្រីប្រធានាធិបតី Salome Zourabichvili បានជំរុញឲ្យប្រជាជននាំគ្នាធ្វើបាតុកម្ម ដើម្បីតវ៉ាប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតសភាដែលពេញដោយភាពចម្រូងចម្រាស កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ដែលគណៈកម្មាធិការរៀបចំការបោះឆ្នោត បានប្រាប់ឲ្យដឹងថា ជ័យជម្នះជារបស់គណបក្សកាន់អំណាច។
គួរបញ្ជាក់ថា គណៈកម្មាធិការ បាននិយាយថា គណបក្សកាន់អំណាច Georgian Dream ដែលត្រូវបានលោកស្រី Zourabichvili រិះគន់យ៉ាងចាស់ដៃ បានទទួលសំឡេងឆ្នោតជិត ៥៤ភាគរយ ខណៈដែលបណ្ដាគណបក្សប្រឆាំង បានតវ៉ាចំពោះលទ្ធផលនេះ ហើយអ្នកឃ្លាំមើលការបោះឆ្នោត បានរាយការណ៍ពីការរំលោភធំៗ។
កាលពីថ្ងៃអាទិត្យ (ទី២៧ ខែតុលា) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា សហរដ្ឋអាមេរិកបានចូលរួមអំពាវនាវជាមួយអ្នកសង្កេតការណ៍ ដើម្បីឲ្យមានការស៊ើបអង្កេតពេញលេញមួយ។ ហើយមុននេះ សហភាពអឺរ៉ុប (EU) បានជំរុញឲ្យហ្សកហ្ស៊ីស៊ើបអង្កេតឲ្យបានឆាប់រហ័ស និងប្រកបដោយតម្លាភាព ចំពោះភាពមិនប្រក្រតីដែលត្រូវបានចោទប្រកាន់ នៅក្នុងការបោះឆ្នោតនេះ៕