នាយអគ្គសេនាធិការកងទ័ព លោក Herzi Halevi បានថ្លែងថា អ៊ីស្រាអែល បានកំណត់គោលដៅលើប្រព័ន្ធយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ហើយបានប្រើប្រាស់តែផ្នែកមួយនៃសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះ ដើម្បីវាយប្រហារលើពួកវា។
លោកបាននិយាយថា៖«យើងបានវាយលុកប្រព័ន្ធយុទ្ធសាស្ត្រ នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលមានសារៈសំខាន់ណាស់ ហើយឥឡូវនេះ យើងនឹងឃើញពីរបៀបដែលស្ថានភាពរីកចម្រើន ដោយបានបន្ថែមថា «អ៊ីស្រាអែលបានប្រើតែផ្នែកមួយនៃសមត្ថភាពរបស់យើង» ហើយអាច«ធ្វើកិច្ចការជាច្រើនទៀត»។
លោក Halevi បានអះអាងថា៖«សាររបស់យើង គឺច្បាស់ណាស់ ហើយវាត្រូវបានផ្សារភ្ជាប់ជាមួយនឹងការ វិវឌ្ឍនៅមជ្ឈិមបូព៌ា ក្នុងប៉ុន្មានខែថ្មីៗនេះ។ យើងនឹងដឹងពីរបៀបដោះស្រាយការគំរាមកំហែងណាមួយ និងរបៀបធ្វើការវាយប្រហារ» ដោយបន្ថែមថា កងទ័ពអ៊ីស្រាអែល បានត្រៀមខ្លួនសម្រាប់ស្ថានការណ៍ នៅជួរមុខទាំងអស់។
កាលពីថ្ងៃទី ២៦ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ខ្លួនកំពុងធ្វើការវាយប្រហារយ៉ាងច្បាស់ទៅលើគោលដៅយោធា ក្នុងប្រទេសអ៊ីរ៉ង់ «ជាការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ជាច្រើនខែ»។ ផ្ទុយទៅវិញ យោធាអ៊ីរ៉ង់ បាននិយាយថា សម្ភារៈបរិក្ខាររបស់ខ្លួនមួយចំនួន នៅក្នុងខេត្ត Tehran, Khuzestan និង Ilam ត្រូវបានរងការវាយប្រហារ ប៉ុន្តែអ៊ីស្រាអែល បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ ខណៈដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានការពារមិនឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ។