រូបភាពពីផ្កាយរណបដែលត្រូវបានវិភាគដោយសារព័ត៌មាន AP បានបង្ហាញឲ្យឃើញកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ បានបង្កការខូចខាតដល់រោងចក្រ នៅឯមូលដ្ឋានយោធាសម្ងាត់មួយ នៅភាគអាគ្នេយ៍នៃរដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ ដែលកាលពីពេលកន្លងមកអ្នកជំនាញបានផ្សារភ្ជាប់ទៅនឹងកម្មវិធីអាវុធនុយក្លេអ៊ែរពីមុនរបស់ទីក្រុងតេអេរ៉ង់ និងនៅឯមូលដ្ឋានមួយផ្សេងទៀតដែលភ្ជាប់ទៅនឹងកម្មវិធីមីស៊ីលបាលីស្ទិករបស់ប្រទេសនេះ។
អគារមួយចំនួនដែលរងការខូចខាត ស្ថិតនៅក្នុងមូលដ្ឋានយោធា Parchin របស់អ៊ីរ៉ង់ ជាកន្លែងដែលទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) សង្ស័យថា នាពេលកន្លងមក អ៊ីរ៉ង់បានធ្វើតេស្តជាតិផ្ទុះកម្រិតខ្ពស់ ដែលអាចផលិតជាអាវុធនុយក្លេអ៊ែរ។ តែអស់រយៈជាយូរមកហើយ អ៊ីរ៉ង់បាននិយាយដដែលៗថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន គឺប្រកបដោយសន្តិភាព ទោះបីជា IAEA ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច និងអ្នកជំនាញផ្សេងទៀត លើកឡើងថា ទីក្រុងតេអេរ៉ង់មានកម្មវិធីអាវុធសកម្ម រហូតដល់ឆ្នាំ២០០៣ ក៏ដោយ។
ជាមួយគ្នានេះ រូបភាពនោះ ក៏បានបង្ហាញទៀតថា ការខូចខាតផ្សេងទៀត អាចត្រូវបានឃើញ នៅឯមូលដ្ឋានយោធា Khojir ក្បែរនោះ ដែលអ្នកវិភាគជឿថា លាក់ប្រព័ន្ធផ្លូវរូងក្រោមដី និងទីតាំងផលិតមីស៊ីល។
តែយ៉ាងណាក្ដី យោធាអ៊ីរ៉ង់មិនបានទទួលស្គាល់ការខូចខាតទាំងនៅមូលដ្ឋាន Khojir ឬ Parchin នោះឡើយ បន្ទាប់ពីមានការវាយប្រហាររបស់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក ទោះបីជាខ្លួនបាននិយាយថា ការវាយប្រហារនេះបានសម្លាប់ទាហានអ៊ីរ៉ង់ ៤នាក់ ដែលធ្វើការនៅក្នុងប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសក៏ដោយ។ អ៊ីរ៉ង់បានប្រកាសកាលពីថ្ងៃអាទិត្យថា ជនស៊ីវិលម្នាក់ក៏បានបាត់បង់ជីវិតដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមនោះទេ។
ពាក់ព័ន្ធនឹងរូបភាពផ្កាយរណបនេះ បេសកកម្មរបស់អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនោះឡើយ។ ចំណែកយោធាអ៊ីស្រាអែល ក៏បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះដែរ៕