ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា កិច្ចសហប្រតិបត្តិការក្នុងទម្រង់ «អ៊ុយក្រែន បូកអឺរ៉ុបខាងជើង» កំពុងមានសម្ទុះទៅមុខជាមួយនឹងជំហានបន្ថែមទៀត ដែលអាចបង្កើនសម្ពាធលើរុស្ស៊ី ដោយរំពឹងថា នឹងកើតមាននៅក្នុងសប្តាហ៍ខាងមុខនេះ។
ហេតុអ្វីចាំបាច់មានទម្រង់ «អ៊ុយក្រែន បូកអឺរ៉ុបខាងជើងនេះ»? ការចងសម្ព័ន្ធភាពនេះ គឺមានសារៈសំខាន់ណាស់ ដ្បិតបណ្ដាប្រទេសអឺរ៉ុបខាងជើងទាំង ៥ គឺហ្វាំងឡង់ ស៊ុយអែត ន័រវ៉ែស ដាណឺម៉ាក និងអ៊ីស្លង់ ឥឡូវនេះ គឺជាប្រទេសសមាជិករបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ជាមួយគ្នា ហើយសុទ្ធតែជាអ្នកគាំទ្រឥតងាករេ ក្នុងការជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។
ស៊ុយអែត និងហ្វាំងឡង់ ទើបបានចូលរួមសម្ព័ន្ធភាពនេះ កាលពីដើមឆ្នាំនេះ ដោយទីក្រុង Stockholm បាននិយាយថា រុស្ស៊ីគឺជាការគំរាមកំហែងសន្តិសុខអន្តរជាតិដ៏ធំ ចំពោះស៊ុយអែត។ ហើយហ្វាំងឡង់ និងន័រវ៉ែស មានព្រំដែនជាប់រុស្ស៊ី។
រុស្ស៊ីបានលើកឡើងថា ការពង្រីកសមាជិកអង្គការណាតូ គឺជាកំហុសប្រវត្តិសាស្ត្រដ៏គ្រោះថ្នាក់ ដែលនឹងបង្ខំឲ្យទីក្រុងមូស្គូចាត់វិធានការប្រឆាំង។
លើសពីទៀតនេះ ពាក់ព័ន្ធនឹងទំហំជំនួយរបស់បណ្ដាប្រទេសទាំងនេះ ប្រទេសអឺរ៉ុបខាងជើង បានប្រាប់ លោក Zelenskiy កាលពីឆ្នាំមុនថា ពួកគេនឹងគាំទ្រប្រទេសរបស់លោក «ដរាបណាប្រទេសនេះត្រូវការ» ដើម្បីប្រយុទ្ធវាយបណ្តេញកងកម្លាំងរុស្ស៊ី ហើយថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបន្តផ្តល់ជំនួយផ្នែកយោធា សេដ្ឋកិច្ច និងមនុស្សធម៌ក្នុងកម្រិតកាន់តែធំច្រើនឡើងៗ។
លោក Zelenskiy បាននិយាយកាលពីខែឧសភាថា ជំនួយយោធារួមគ្នាពីបណ្តាប្រទេសអឺរ៉ុបខាងជើង នឹងមានចំនួន ៦ពាន់លានអឺរ៉ូ នៅឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងសន្តិសុខដាច់ដោយឡែក។ ចំនួននេះបានច្រើនជាងចំនួន ១១ពាន់លានអឺរ៉ូដែលប្រទេសទាំង៥ បានផ្ដល់ឲ្យនៅចុងឆ្នាំ២០២៣៕