ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ នៅតំបន់ភាគខាងជើងហ្កាហ្សា បានសម្លាប់មនុស្សរាប់សិបនាក់ និងបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការស្វែងរកបទឈប់បាញ់ ។
ការវាយប្រហារនេះ បានកើតមានឡើង ស្របពេលកិច្ចខិតខំរបស់ក្រុមអ្នកសម្របសម្រួលព្យាយាមទទួលបានបទឈប់បាញ់ ចាប់ផ្តើមឡើងវិញនៅក្នុងប្រទេសកាតា ។
រូបភាពវីដេអូឃ្លីបទទួលបានដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ ឃើញលទ្ធផលនៃការវាយប្រហារលើសាលារៀនមួយកន្លែងដែលផ្តល់ជាទីជម្រកសម្រាប់គ្រួសារជម្លៀសខ្លួននៅទីក្រុងហ្កាហ្សា ។
ក្រុមមន្រ្តីសុខភាពនិយាយថា មនុស្សយ៉ាងហោច ៩នាក់ ត្រូវបានសម្លាប់ ហើយមនុស្សយ៉ាងហោច ២០នាក់ផ្សេងទៀត បានរងរបួស ។
យោងតាមសារព័ត៌មានក្រុមហាម៉ាស់ បានឲ្យដឹងថា អ្នកសារព័ត៌មានក្នុងស្រុក ៣នាក់ ស្ថិតនៅក្នុងចំណោមមនុស្សត្រូវបានសម្លាប់ ។
យោធាអ៊ីស្រាអែលនិយាយថា ពួកគេកំពុងពិនិត្យមើលសេចក្តីរាយការណ៍នៃការវាយប្រហារនេះ ។
ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi កាលពីថ្ងៃអាទិត្យ បានស្នើសុំបទឈប់បាញ់រយៈពេល ២ថ្ងៃ នៅតំបន់ហ្កាហ្សា ដើម្បីដោះដូរចំណាប់ថ្នូរអ៊ីស្រាអែល ៤រូប សម្រាប់អ្នកទោសប៉ាឡេស្ទីនប៉ុន្មានរូប ។
លោកបានប្រកាសបែបនេះ ស្របពេលដែលកិច្ចខិតខំដើម្បីបន្ធូរបន្ថយសង្រ្គាមរយៈពេលជាង ១ឆ្នាំកន្លងមកនេះ បានចាប់ផ្តើមឡើងវិញនៅប្រទេសកាតា ដោយក្រុមប្រធានទីស៊ើបការណ៍សម្ងាត់អាមេរិក CIA និងទីភ្នាក់ងារចារកម្ម Mossad របស់អ៊ីស្រាំអែល បានចូលរួម ។
នៅមិនទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ ៕