ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃចន្ទ (ទី២៨ ខែតុលា) នេះ បានរាយការណ៍ថា មេបញ្ជាការជន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានព្រមានថា អ៊ីស្រាអែលនឹងប្រឈមជាមួយ «ផលវិបាកយ៉ាងធ្ងន់ធ្ងរ» បន្ទាប់ពីប្រទេសនេះបានវាយប្រហារលើទីតាំងយោធារបស់អ៊ីរ៉ង់។
ប្រមុខឆ្មាំ លោក Hossein Salami ដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារសារព័ត៌មាន Tasnim បាននិយាយថា អ៊ីស្រាអែល «មិនអាចសម្រេចបំណងគំរាមកំហែងរបស់ខ្លួនបានឡើយ» តាមរយៈការវាយប្រហារតាមអាកាសរបស់ខ្លួន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក។
គួរបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារទីតាំងយោធានានានារបស់អ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់មីស៊ីលយ៉ាងសន្ធាប់ កាលពីថ្ងៃទី១ ខែតុលា ដោយការវាយប្រហាររបស់ក្រុងតេអេរ៉ង់នោះ គឺជាការសងសឹក ចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធដែលខ្លួនគាំទ្រ និងមេបញ្ជាការឆ្មាំបដិវត្តន៍ម្នាក់ផ្សេងទៀត។
លោក Salami បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល គឺជាសញ្ញានៃ «កំហុសឆ្គង និងភាពទន់ខ្សោយ» នៅពេលដែលអ៊ីស្រាអែល ប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធគាំទ្រដោយទីក្រុងតេអេរ៉ង នៅតំបន់ហ្កាហ្សា និងក្នុងប្រទេសលីបង់។
យោងតាមការដកស្រង់របស់សារព័ត៌មាន Tasnim បានបង្ហាញថា លោក Salami បានព្រមានថា៖ «ផលវិបាកដ៏ធ្ងន់ធ្ងររពីការវាយប្រហារនេះ នឹងកើតមានឡើងដោយមិនអាចនឹកស្មានដល់» សម្រាប់អ៊ីស្រាអែល៕