ប្រមុខការពារជាតិរបស់ហ្វីលីពីន បាននិយាយថា ប្រទេសរបស់លោកជឿជាក់លើការបន្តគោលនយោបាយរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីបញ្ចប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដោយបានគូសបញ្ជាក់ថា ទំនាក់ទំនងហ្វីលីពីន-អាមេរិក នឹងនៅតែរឹងមាំ ទោះលទ្ធផលចេញមកយ៉ាងណាក៏ដោយ។
រដ្ឋមន្ត្រីការពារជាតិ លោក Gilberto Teodoro បាននិយាយថា សម្ព័ន្ធភាពរវាងប្រទេសទាំង២ បានចាក់ឫសយ៉ាងជ្រៅរួចទៅហើយ ដោយមានគោលដៅសន្តិសុខ និងការប្តេជ្ញាចិត្តរួម ដើម្បីលើកកម្ពស់ច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងនៅដែនទឹកមានជម្លោះនៃសមុទ្រចិនខាងត្បូងផងដែរ។
លោក Teodoro បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា៖ «ការគាំទ្ររបស់យើង ចំពោះគំនិតផ្តួចផ្តើមទ្វេភាគី និងពហុភាគី គឺជាកិច្ចប្រឹងប្រែងរបស់ភាគីទាំង២ ពោលគឺបន្ថែមពីលើអ្វីដែលយើងកំពុងប្រតិបត្តិការជាមួយគ្នា ជុំវិញមូលដ្ឋានស្ថាប័ន និងមូលដ្ឋានគ្រឹះនានា»។
ជាមួយគ្នានេះ លោក Teodoro ក៏បានបន្ថែមផងដែរថា «អាកប្បកិរិយាខុសឆ្គង» របស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង បានធ្វើឲ្យហ្វីលីពីនក្លាយជាទីកន្លែងដ៏គួរឲ្យព្រួយបារម្ភផ្នែកសន្តិសុខ ក្នុងតំបន់ ដែលបង្កឲ្យមានការឆ្លើយតបជាសកល។
ទាំងក្រសួងការពារជាតិ និងក្រសួងការបរទេសរបស់ប្រទេសចិន រួមនឹងស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងម៉ានីល មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ជុំវិញការលើកឡើងរបស់លោក Teodoro នេះ។
គួរបញ្ជាក់ថា ការបោះឆ្នោតប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែវិច្ឆិកា ដោយអនុប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ គឺលោកស្រី Kamala Harris និងបេក្ខជនរបស់គណបក្សសាធារណរដ្ឋ គឺលោក Donald Trump បាននិងកំពុងនៅស្ថិតក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ៕

