ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ម៉ប់ សីហា ឯកទេសវះកាត់ប្រព័ន្ធប្រសាទ នៃមនី្ទរពេទ្យព្រះអង្គឌួង បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានជំងឺឈឺក្បាលរ៉ាំរ៉ៃ សូមមកពិគ្រោះព្យាបាលជំងឺជាមួយគ្រូពេទ្យឯកទេសជៀសវាងការប្រើប្រាស់ថ្នាំ ដោយគ្មានវេជ្ជបញ្ជា ដើម្បីវាយតម្លៃថា គាត់មានដុំសាច់ក្នុងខួរក្បាល ឬអត់។
លោកវេជ្ជបណ្ឌិត បន្តថា ដុំសាច់ក្នុងខួរក្បាល គឺជាប្រភេទដុំសាច់មួយ ដែលកើតចេញពីការលូតលាស់ ភាពមិនប្រក្រដី នៃកោសិកាប្រព័ន្ធប្រសាទ ឬក៏កោសិកានៅជុំវិញប្រព័ន្ធប្រសាទ ដែលវាលុកលុយដល់ដុំសាច់ខួរក្បាល។ ជាទូទៅប្រជាពលរដ្ឋស្គាល់ដុំសាច់នៅក្នុងខួរក្បាលបាន គឺដុំសាច់នោះ មាន០២ប្រភេទ ដុំសាច់ស្លូត (គ្រូពេទ្យវះកាត់ព្យាបាលឲ្យជាសះស្បើយបាន១០០% ប៉ុន្តែលុះត្រាតែអ្នកជំងឺនោះធ្វើរោគវិនិច្ឆ័យបានទាន់ពេលវេលា) និងដុំសាច់កាច (គឺជាទូទៅដែលយើងទាំងអស់គ្នាស្គាល់ថា មហារីកខួរក្បាល ទោះបីធ្វើការវះកាត់ព្យាបាលរួចរាល់ ក៏អ្នកជំងឺមិនអាចមានជីវិតរស់នៅបានយូរដែរ)។
ដុំសាច់ក្នុងខួរក្បាល កើតឡើងលើមនុស្សគ្រប់វ័យទាំងអស់ តាំងពីកើតមក រហូតដល់គាត់ស្លាប់។ ប៉ុន្តែ យើងចែកចេញក្រុមអាយុ ជា២ គឺជំងឺដុំសាច់ចំពោះកុមារ និងជំងឺដុំសាច់ចំពោះមនុស្សធំ។
សម្រាប់អ្នកជំងឺដុំសាច់ក្នុងខួរក្បាល គួរជៀសវាងការបរិភោគអាហារខ្លោចៗ និងបន្លែណាដែលមានសារធាតុគីមីច្រើន ហើយក៏ត្រូវការលើកទឹកចិត្តពីក្រុមគ្រួសាររបស់គាត់ ដើម្បីឲ្យគាត់អាចរស់នៅក្នុងសង្គមបានយូរផងដែរ។
ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋ០២រូប មានប័ណ្ណសមធម៌ ឬហៅថាប័ណ្ណក្រីក្រ គឺលោក ឌឹម សារ៉ាន់ រស់នៅខេត្តកំពង់ចាម មានអាការៈឈឺក្បាលស្ទើររាល់ថ្ងៃ ដូច្នេះ ទើបលោកសម្រេចចិត្តមកធ្វើការព្យាបាល នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ក្រោយការវៈកាត់ បានធ្វើឲ្យជំងឺរបស់លោកធូរស្បើយច្រើន។ ដោយឡែកអ្នកស្រី ផាន់ សុខុន រស់នៅខេត្តកោះកុង មានជំងឺកៀបសរសៃឆ្អឹងខ្នង អស់រយៈពេល៤ ទៅ៥ឆ្នាំមកហើយ ទោះទៅព្យាបាលជំងឺនៅមនី្ទរណាក៏អត់ជាសះស្បើយដែរ លុះដល់មកព្យាបាលជំងឺនៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ធ្វើឲ្យជំងឺរបស់គាត់មានអាការៈធូរស្បើយច្រើន។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត ម៉ប់ សីហា បានថ្លែងអំណរគុណដល់លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង ដែលបានពង្រីកសេវាកម្មបន្ថែម ដើម្បីផ្តល់សេវាថែទាំព្យាបាលជំងឺជូនប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ ម្យ៉ាងទៀតមនី្ទរពេទ្យព្រះអង្គឌួង បានបំពាក់នូវឧបករណ៍ទំនើបៗ ដើម្បីធ្វើការវះកាត់ សម្រាប់ផ្តល់សុវត្ថិភាពខ្ពស់ជូនប្រជាពលរដ្ឋ៕
អត្ថបទ៖ រដ្ឋា


