បាល់ទាត់៖ ខ្សែការពារកណ្តាលរបស់ក្រុមបិសាចក្រហម Manchester United, Harry Maguire នឹងអាចជាទាន់ការប្រកួតនៅទឹកដី Leicester City ថ្ងៃសៅរ៍នេះ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Manchester Evening News។ កីឡាករវ័យ ២៨ឆ្នាំរូបនេះគឺជាខ្សែការពារស្នូលរបស់ Manchester United និងជាសមាជិកសំខាន់ដែលជួយអង់គ្លេសឡើងវគ្គផ្តាច់ព្រ័ត្រ Euro ២០២០ កន្លងមក។

រដូវកាលនេះ Harry Maguire គឺជាដៃគូខ្សែការពារកណ្តាលជាមួយ Raphael Varane ដែលផ្ទេរមកពី Real Madrid ដោយអ្នកទាំងពីរបានទប់មិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបានពេលជួបជាមួយ Wolves កាលពីចុងខែសីហា។ តែក្រោយមក Harry Maguire បានរបួសអំឡុងការប្រកួតទល់នឹង Aston Villa។ ប្រសិន Harry Maguire មិនអាចជាទាន់ទេ Manchester United ប្រហែលជាត្រូវប្រើប្រាស់ខ្សែការពារកណ្តាល Victor Lindelof និង Eric Bailey បន្ទាប់ពី Raphael Varane ក៏ទើបរងរបួសជាមួយក្រុមជំរើសជាតិបារាំងកាលពីថ្ងៃអាទិត្យ ដែលធ្វើឱ្យកីឡាករវ័យ ២៨ឆ្នាំរូបនេះនឹងត្រូវអវត្តមានពីរទៅបីសប្តាហ៍ផងដែរ។ ជាមួយគ្នានោះដែរ Manchester United ក៏នឹងត្រូវជួបក្រុមខ្លាំងៗជាច្រើនបន្ទាប់ពី Leicester City នៅថ្ងៃសៅរ៍នេះដែលរួមមាន Liverpool, Tottenham Hotspur, Manchester City និង Atalanta ផងដែរនៅ UEFA Champions League៕
អត្ថបទ៖នាង សុភាវុធ