អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានថ្លែងប្រាប់អ្នកយកព័ត៌មានថា រុស្ស៊ីរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីនៃជម្លោះនៅមជ្ឈិមបូព៌ា ហើយនឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីធ្វើឲ្យស្ថានការណ៍នេះដែលកំពុងតានតឹងនេះ មានភាពធូរស្រាល។
លោកបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានTASS ថា៖«រុស្ស៊ីរក្សាទំនាក់ទំនងជាមួយគ្រប់ភាគីនៃជម្លោះ។ យើងកំពុងទាក់ទងជាមួយទីក្រុងតេអេរ៉ង់ អ៊ីស្រាអែល និងប៉ាឡេស្ទីន» ។
លោក Peskov បានបន្ថែមថា៖«ជាការពិតណាស់ រុស្ស៊ីកំពុងធ្វើអ្វីគ្រប់យ៉ាង ដែលអាចធ្វើទៅបាន ដើម្បីអំពាវនាវឲ្យភាគីនានា អនុវត្តការអត់ធ្មត់ ក៏ដូចជាជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយភាពតានតឹង។ យើងនឹងបន្តធ្វើដូច្នេះ»។
អ្នកនាំពាក្យវិមានក្រឹមឡាំងរូបនេះ បានសង្កត់ធ្ងន់ថា ស្ថានភាពក្នុងតំបន់ នៅតែមានភាពតានតឹងខ្លាំង។ លោកបានកត់សម្គាល់ថា៖«វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជំរុញឲ្យមានការអត់ធ្មត់»។
កាលពីថ្ងៃទី ២៦ ខែតុលា កងទ័ពអ៊ីស្រាអែល បានប្រកាសការវាយប្រហារលើមូលដ្ឋានយោធា ក្នុងប្រទេសអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹង «ការវាយប្រហារជាបន្តបន្ទាប់»។ យោងតាមកងកម្លាំងការពារដែនអាកាសអ៊ីរ៉ង់ ទីតាំងយោធានៅក្នុងខេត្ត Ilam ទីក្រុង Tehran និង Khuzestan ត្រូវបានគេកំណត់គោលដៅ ប៉ុន្តែ ការខូចខាតមានកម្រិតប៉ុណ្ណោះដែលត្រូវបានរាយការណ៍ ខណៈដែលប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសនេះ បានធ្វើការវាយបកទៅលើការវាយប្រហារដ៏សំខាន់នេះ។ យោធាអ៊ីរ៉ង់ បាននិយាយថា យ៉ាងហោចណាស់ទាហាន ៤នាក់ ត្រូវបានសម្លាប់។

