ឆ្មាំជាតិរបស់ប្រទេសទុយនីស៊ី នៅថ្ងៃចន្ទ (ទី២៨ ខែតុលា) នេះ បាននិយាយថា ឆ្មាំល្បាតឆ្នេរបានស្រង់សពជនអន្តោប្រវេសន៍ចំនួន ១៦នាក់ នៅក្នុងសមុទ្ររបស់ទីក្រុង Maloulech, Salakta និង Chebba ដែលនេះជាគ្រោះមហន្តរាយលិចទូកជនអន្តោប្រវេសន៍ចុងក្រោយបង្អស់ នៅសមុទ្រមេឌីទែរ៉ាណេ។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់ឆ្មាំជាតិ លោក Houssem Eddine Jebabli បានប្រាប់សារព័ត៌មាន Reuters ថា៖ «សពទាំងនោះត្រូវបានរកឃើញកាលពីចុងសប្តាហ៍កន្លងមក និងនៅថ្ងៃចន្ទនេះ។ ជនរងគ្រោះទាំងនោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ព្រោះសាកសពបានរលួយអស់ហើយ»។
គួរបញ្ជាក់ថា កាលពីខែមុន ប្រជាជនទុយនីស៊ីយ៉ាងហោចណាស់ ១៥នាក់ បានបាតើបង់ជីវិត ក្នុងនោះមានទារក ៣នាក់ផងដែរ ហើយ ១០នាក់ផ្សេងទៀត បានបាត់ខ្លួន បន្ទាប់ពីទូកដឹកពួកគេ បានលិចនៅម្ដុំឆ្នេរ ក្នុងទីក្រុង Djerba របស់ប្រទេសទុយនីស៊ី ខណៈដែលពួកគេព្យាយាមធ្វើដំណើរឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប។ ដោយឡែកសាកសពជនអន្តោប្រវេសន៍អនុតំបន់សាហារ៉ារបស់អាហ្វ្រិកចំនួន ១៣ នាក់ ក៏ត្រូវបានរកឃើញនៅក្នុងតំបន់នេះដូចគ្នា កាលពីខែមុន។
គួរជ្រាបដែរថា ប្រទេសទុយនីស៊ីកំពុងប្រឈមនឹងវិបត្តិទេសន្តរប្រវេសន៍ដែលមិនធ្លាប់មានពីមុនមក ហើយបានក្លាយជាប្រទេសជំនួសលីប៊ី ក្នុងនាមជាទីកន្លែងចេញដំណើរដ៏សំខាន់ ទាំងសម្រាប់ប្រជាជនទុយនីស៊ី និងប្រជាជនមកពីកន្លែងផ្សេងទៀត ក្នុងទ្វីបអាហ្រ្វិក ដែលមានបំណងស្វះស្វែងរកជីវិតប្រសើរជាងមុន នៅអឺរ៉ុប៕

