មនុស្សម្នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃអាទិត្យ ពេលដែលរថយន្តធំមួយគ្រឿងបើកបំបុកចំណតរថយន្តក្រុងនៅជិតទីក្រុងតែលអាវីវ ស្ថិតនៅភាគកណ្តាលប្រទេសអ៊ីស្រាអែល ដែលនគរបាលអ៊ីស្រាអែលនិយាយថា ពួកគេសង្ស័យថាវាទំនងជាការវាយប្រហារភេរវកម្ម ។
នគរបាល និយាយថា មនុស្សប្រហែល ៤០នាក់ បានរងរបួស រួមទាំងអ្នករងរបួសធ្ងន់ និងស្រាល ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
មន្ទីរសុខាភិបាល Ichilov ស្ថិតក្នុងទីក្រុងតែល អាវីវ និយាយថា មនុស្សម្នាក់ ក្នុងចំណោមអ្នករងរបួស បានស្លាប់ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ។
នគរបាល និយាយថា ឧបទ្ទេវហេតុនេះ ដែលរថយន្តធំបើកបំបុកចំណតរថយន្តក្រុងនៅជិតមូលដ្ឋានយោធាអ៊ីស្រាអែល បានកើតឡើងនៅវេលាម៉ោង ១០ព្រឹក ម៉ោងក្នុងស្រុក ហើយអ្នកបើកបរដែលមានសញ្ជាតិអ៊ីស្រាអែល ត្រូវបានពលរដ្ឋបាញ់សម្លាប់ ។
លោក Itamar Ben-Gvir គឺជារដ្ឋមន្រ្តីក្រសួងសន្តិសុខជាតិអ៊ីស្រាអែល និយាយប្រាប់ក្រុមនគរបាល ពេលលោកធ្វើដំណើរទៅដល់កន្លែងកើតហេតុថា ឧបទ្ទវហេតុនេះ ត្រូវបានគេស៊ើបអង្កេតឃើញថាជាការវាយប្រហារ ហើយលោកគាំទ្រទាំងសមត្ថកិច្ច ទាំងជនស៊ីវិលឲ្យសម្លាប់មនុស្សដែលជាជនវាយប្រហារ ។
សារព័ត៌មានអ៊ីស្រាអែល រាយការណ៍ថា អ្នកបើកបរគឺជាជនជាតិកាត់សាសន៍អារ៉ាប់-អ៊ីស្រាអែល មកពីទីក្រុង Qalansawe ស្ថិតនៅភាគកណ្តាលប្រទេសអ៊ីស្រាអែល ៕

