ក្រុមមន្រ្តីយោធាអ៊ុយក្រែន និយាយនៅព្រឹកថ្ងៃចន្ទនេះថា មនុស្សជាច្រើននាក់ បានរងរបួសកាលពីយប់កន្លងទៅ ដោយសាររលកនៃការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើតំបន់ភាគឦសាន Kharkiv ប្រទេសអ៊ុយក្រែន ។
អភិបាលក្រុងលោក Ihor Terekhov បាននិយាយថា មនុស្ស ២នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីយប់ថ្ងៃអាទិត្យ ក្រោយរុស្ស៊ីវាយប្រហារទីក្រុង Kharkiv ដែលជាមជ្ឈមណ្ឌលរដ្ឋបាលតំបន់ Kharkiv ដោយប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ និងធ្វើឲ្យខូចខាតអគាររស់នៅរបស់អ្នកស្រុកជាច្រើនខ្នង ។
រូបភាពវីដេអូឃ្លីបពីសេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន ឃើញក្រុមជួយសង្រ្គោះ ជួយអ្នកស្រុកចេញពីអគារផ្ទះល្វែងរងការខូចខាត ស្របពេលកម្ទេចកម្ទីរាយប៉ាយគ្រប់ទីកន្លែង ។
លោក Terekhov និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា មាននូវការវាយប្រហារជាច្រើនទៀតលើទីក្រុង Kharkiv នៅយប់នោះ ធ្វើឲ្យខូខាតដោយអន្លើអគារជាច្រើនខ្នង ។
ដោយឡែក អភិបាលតំបន់ Kharkiv លោក Oleh Syniehubov និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramដែរថា មនុស្ស ៤នាក់ បានរងរបួស ក្រោយការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Kharkiv ។
ក្រុមរដ្ឋអាជ្ញាធរតំបន់ Kharkiv និយាយថា រុស្ស៊ី បានវាយប្រហារតំបន់ Kharkiv ដែលស្ថិតក្រោមការវាយប្រហារញឹកញាប់ ដោយប្រើប្រាស់គ្រាប់បែកតម្រង់គោលដៅ ហើយទីក្រុង Chuhuiv រងការវាយប្រហារផងដែរ ដោយប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះកាណុង ៕

