នៅតាមតំបន់ព្រំដែនភាគខាងជើងម៉ិកស៊ិក ភ្នាក់ងារអន្តោប្រវេសន៍ ប្រញាប់ប្រញាល់បញ្ជូនជនអន្តោប្រវេសន៍រាប់សិបនាក់ ឡើងលើរថយន្តក្រុង ដើម្បីដឹកពួកគេទៅកាន់តំបន់ព្រំដែនភាគខាងត្បូង ។
ការបញ្ជូនជនអន្តោប្រវេសន៍រាប់រយនាក់បែបនេះ បានក្លាយជាការជំរុញធំបំផុតពុំធ្លាប់មានរបស់ម៉ិកស៊ិក ដើម្បីទប់ស្កាត់ការធ្វើអន្តោប្រវេសន៍ បញ្ជូនពួកគេទៅកាន់តំបន់ភាគខាងត្បូងម៉ិកស៊ិក នៅឲ្យឆ្ងាយពីព្រំដែនសហរដ្ឋអាមេរិក ជាមួយនឹងឃុំឃាំងទ្រង់ទ្រាយធំ ។
មន្រ្តីម៉ិកស៊ិក ៥រូបនិយាយថា សរុបជារួម វិធានការនេះ មានគោលដៅធ្វើឲ្យលែងមានជនអន្តោប្រវេសន៍ ធ្វើឲ្យពួកគេបោះបង់ចោលក្តីសង្ឃឹម មុនពេលទៅដល់ដែនដីសហរដ្ឋអាមេរិក ។
ជាមួយនឹងវិធានការរបស់ម៉ិកស៊ិក ចំនួនជនអន្តោប្រវេសន៍ដែលចាប់បាននៅតាមព្រំដែនសហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ចាប់តាំងពីឆ្នាំ ២០២០ ធ្វើឲ្យវាមានឥទ្ធិពលខ្លាំងលើបញ្ហាបោះឆ្នោតសហរដ្ឋអាមេរិក ។
ទោះបីជាយ៉ាងណាក៏ដោយ ជនអន្តោប្រវេសន៍ ត្រូវបានរុញច្រានឲ្យត្រឡប់ទៅកាន់តំបន់ព្រំដែនភាគខាងត្បូងម៉ិកស៊ិក ដោយពួកគេពុំបានលើកឡើងពីឫសគល់នៃការធ្វើអន្តោប្រវេសន៍នៅអាមេរិកកណ្តាល និងអាមេរិកខាងត្បូងនោះឡើយ ឬគ្រោះថ្នាក់ដែលពួកគេប្រឈមនៅក្នុងប្រទេសកំណើតរបស់ពួកគេ ឬនៅក្នុងប្រទេសម៉ិកស៊ិក អំឡុងការធ្វើដំណើររបស់ពួកគេ គឺជាបញ្ហាមួយដែលពុំបានដោះស្រាយនោះឡើយ ៕


