ភ្នំពេញ ៖ នៅឃ្លាំងឱសថកណ្តាល នៃក្រសួងសុខាភិបាល ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ បានរៀបចំពិធីប្រគល់-ទទួលជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH (Korea Foundation for International Healthcare) ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា។
តាមរយៈ ក្រសួងសុខាភិបាលដើម្បីប្រើប្រាស់ក្នុងការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ក្រោមវត្តមានឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយលោកវេជ្ជបណ្ឌិត Kim Sang Gyeun ប្រធានមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំកម្ពុជា។
សម្ភារៈ និងបរិក្ខារដែលរដ្ឋាភិបាលនិងប្រជាជន នៃសាធារណរដ្ឋកូរ៉េ តាមរយៈមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH បានផ្តល់ ១) ម៉ាស៊ីនធ្វើតេស្តរក វីរុសកូវីដ-១៩ ចំនួន ២គ្រឿង ២ )តេស្តរកវីរុសកូវីដ-១៩ ចំនួន ២៣.០៤០តេស្ត និង ៣) សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រី សុខាភិបាល ចំនួន ៥០០ ជូនក្រសួងសុខាភិបាល។
លោកវេជ្ជបណ្ឌិតប្រធានមូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH ប្រចាំកម្ពុជា បានសម្តែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ ក្នុងការទប់ស្កាត់ ការរាតត្បាតជំងឺកូវីដ-១៩ ក៏ដូចជាការពារសុខភាពរបស់ប្រជាជនកម្ពុជាទាំងមូល។
លោកប្រធានមូលនិធិក៏ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់ជនជាតិកូរ៉េទាំងអស់ដែលរស់នៅលើទឹកដីកម្ពុជា ជាពិសេសបុគ្គលិកមូលនិធិ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់មូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ ត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីសុខាភិបាលព្រមទាំងអ្នករងគ្រោះដោយជំងឺកូវីដ-១៩ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លារបស់មូលនិធីថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ គឺជាកាយវិការនៃវប្បធម៌ចែករំលែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាលដាល នៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
អត្ថបទ រដ្ឋា



