ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់បានរាយការណ៍ដោយលើកសម្តីមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ayatollah Ali Khamenei និយាយកាលពីថ្ងៃអាទិត្យថា ក្រុមមន្រ្តីអ៊ីរ៉ង់គួរកំណត់វិធីល្អបែបណាដើម្បីបង្ហាញកម្លាំងរបស់អ៊ីរ៉ង់ដល់អ៊ីស្រាអែល ក្រោយការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់កាលពីរយៈពេល ២យប់មុន ។
លោក Khamenei និយាយថា ទង្វើអាក្រក់ធ្វើឡើងដោយអ៊ីស្រាអែលកាលពីរយៈពេល ២យប់មុន មិនគួរនិយាយសម្រាលស្ថានការ ឬនិយាយបំផ្លើសនោះឡើយ ។
កាលពីថ្ងៃសៅរ៍កន្លងទៅ អ៊ីរ៉ង់ បានច្រានចោលការប្រហារតាមច្រកអាកាសនៅពេលយប់របស់អ៊ីស្រាអែល ចំគោលដៅយោធារបស់ខ្លួន ដោយពួកគេនិយាយថា វាបណ្តាលឲ្យខូចខាតមានដែនកំណត់ប៉ុណ្ណោះ ។ មនុស្ស ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ។
ស្របពេលមានភាពតានតឹងកើនឡើង ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានអំពាវនាវឲ្យបញ្ឈប់ការឡើងកម្តៅ ដែលធ្វើឲ្យកើតមានក្តីបារម្ភចំពោះសង្រ្គាមពេញបន្ទុកនៅក្នុងតំបន់មជ្ឈិមបូព៌ា ។
យោធាអ៊ីស្រាអែល និយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលជាច្រើនគ្រឿង បានបញ្ចប់រលកនៃការវាយប្រហារ ៣លើក មុនពេលថ្ងៃរះលើរោងចក្រមីស៊ីល និងទីតាំងផ្សេងទៀតនៅជិតទីក្រុងតេអេរ៉ង់ និងតំបន់ភាគខាងលិចអ៊ីរ៉ង់ ។
លោក Khamenei និយាយថា កម្លាំងរបស់អ៊ីរ៉ង់ គួរត្រូវបានបង្ហាញដល់អ៊ីស្រាអែល ហើយវិធីធ្វើនោះ គួរត្រូវបានកំណត់ដោយក្រុមមន្រ្តី និងជាផលប្រយោជន៍ល្អបំផុតរបស់ពលរដ្ឋ និងប្រទេសគួរធ្វើ ៕

