អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) នៅថ្ងៃចន្ទ (ទី២៨ ខែតុលា) នេះ បានអះអាងថា ទាហានកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់រុស្ស៊ី ដើម្បីជួយក្នុងសង្គ្រាមជិត ៣ឆ្នាំរបស់ប្រទេសនេះ ប្រឆាំងនឹងអ៊ុយក្រែន ហើយថា មួយចំនួនត្រូវបានដាក់ពង្រាយរួចហើយ នៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី ជាកន្លែងដែលរុស្ស៊ីកំពុងជួបលំបាក ក្នុងការវាយរុញច្រានការលុកលុយរបស់អ៊ុយក្រែនឲ្យដកថយទៅវិញ។
អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រាប់អ្នកសារព័ត៌មានថា៖ «ថ្ងៃនេះ ខ្ញុំអាចបញ្ជាក់បានថា ទាហានកូរ៉េខាងជើងត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ហើយអង្គភាពយោធាកូរ៉េខាងជើង ត្រូវបានដាក់ពង្រាយ នៅតំបន់ Kursk»។
លោក Rutte បាននិយាយថា ចំណាត់ការនេះតំណាងឲ្យ «ការធ្វើឲ្យភាពតានតឹងកើនឡើងធំទៅៗ» ដោយសារការពាក់ព័ន្ធរបស់កូរ៉េខាងជើង ក្នុងជម្លោះ និងជា «ការពង្រីកបន្ថែមនូវគ្រោះថ្នាក់នៃសង្គ្រាមរបស់រុស្ស៊ី»។
ការកត់សម្គាល់បែបនេះរបស់លោក Rutte បានធ្វើឡើងបន្ទាប់ពីគណៈប្រតិភូជាន់ខ្ពស់កូរ៉េខាងត្បូង ក្នុងនោះរួមទាំងមន្ត្រីចារកម្ម និងមន្ត្រីយោធាជាន់ខ្ពស់ ព្រមទាំងអ្នកការទូតជាន់ខ្ពស់ជាច្រើនទៀត បានធ្វើសន្និសីទសារព័ត៌មានឯកអគ្គរដ្ឋទូតជាតិចំនួន៣២ របស់សម្ព័ន្ធភាព នៅឯទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
គួរបញ្ជាក់ថា ទាំងមន្ត្រីរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល ៣.០០០នាក់ ត្រូវបានដាក់ពង្រាយនៅរុស្ស៊ី ដើម្បីហ្វឹកហាត់ ដែលអាចជាការត្រៀមប្រយុទ្ធ៕


