យោធាន័រវ៉ែស នៅថ្ងៃចន្ទ (ទី២៨ ខែតុលា) នេះ បាននិយាយថា ប្រទេសរបស់ខ្លួនបានយល់ព្រមជាមួយអាជ្ញាធរសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីលការពារដែនអាកាស AIM-120C-8 AMRAAM ក្នុងតម្លៃជាង ៤ពាន់លានក្រូណាន័រវ៉ែស (៣៦៣,៩១លានដុល្លារ)។
នៅក្នុងសេចក្តីថ្លែងការណ៍មួយពីទីភ្នាក់ងារគ្រឿងយុទ្ធោបករណ៍ការពារជាតិន័រវ៉ែស រដ្ឋមន្ត្រីការពារជាតិន័រវ៉ែស លោក Bjoern Arild Gram បានឲ្យដឹងថា៖ «ដោយមានមីស៊ីលកាន់តែច្រើន និងថ្មីទំនើបជាងមុន កងកម្លាំងប្រដាប់អាវុធន័រវ៉ែស នឹងមានសមត្ថភាពប្រសើរជាងមុន ក្នុងការការពារន័រវ៉ែសប្រឆាំងនឹងការវាយប្រហារតាមអាកាស»។
ទីភ្នាក់ងារនេះបានបន្ថែមថា មីស៊ីលទាំងនោះមានគោលបំណងជាចម្បង សម្រាប់ប្រើប្រាស់ជាប្រព័ន្ធការពារដែនអាកាសនៅលើដីរបស់ប្រទេសន័រវ៉ែស ប៉ុន្តែក៏អាចបញ្ចូលទៅក្នុងបញ្ជីសារពើភ័ណ្ឌអាវុធរបស់យន្តហោះចម្បាំង F-35A ផងដែរ។ ហើយបើតាមទីភ្នាក់ងារនេះ បានឲ្យដឹងទៀតថា លទ្ធកម្មនេះស្ថិតក្នុងចំណោមការទិញសព្វាវុធធំបំផុតមិនធ្លាប់មាន សម្រាប់កងកម្លាំងប្រដាប់អាវុធន័រវ៉ែស។
គួរបញ្ជាក់ថា ប្រទេសន័រវេស ដែលជាសមាជិករបស់អង្គការណាតូ (NATO) និងដែលមានព្រំដែនរួមជាមួយរុស្ស៊ី បានប្តេជ្ញាបង្កើនការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីមានការលុកលុយពេញលេញរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន៕

