សភាអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ២៨ តុលា បានអនុម័តច្បាប់ហាមប្រាមទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) មិនឲ្យធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែល និង ក្រុងហ្សេរុយសាឡឹមខាងកើត ដោយសហរដ្ឋអាមេរិកបានត្រឹមតែជំទាស់និងបង្ហាញការព្រួយបារម្ភប៉ុណ្ណោះ។

សមាជិកសភាបានអនុម័តច្បាប់នេះក្នុងសំឡេងគាំទ្រ៩២ ទល់នឹងការប្រឆាំង១០ បន្ទាប់ពីមានការរិះគន់របស់អ៊ីស្រាអែលយ៉ាងចាស់ដៃជាច្រើនឆ្នាំលើ UNRWA ដែលបានកើនឡើងចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា ក្រោយការវាយប្រហារដ៏សាហាវរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុន។

យោងតាមក្រុមអ្នកជំនាញបានឱ្យដឹងថា ការហាមប្រាមទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលបានផ្តល់ជំនួយ និងសង្គ្រោះសំខាន់ៗនៅទូទាំងដែនដីប៉ាឡេស្ទីន និងដល់ជនភៀសខ្លួនប៉ាឡេស្ទីននៅកន្លែងផ្សេងទៀតអស់រយៈពេលជាង ៧ ទសវត្សរ៍ នឹងប៉ះទង្គិចដល់ការងារមនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ប្រសិនបើត្រូវបានអនុវត្តមែននោះ។

អ្នកនាំពាក្យអង្គការ UNRWA លោកស្រី ជូលៀត តូម៉ា (Juliette Touma) បានថ្កោលទោសការបោះឆ្នោតនេះ ហើយអគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ៊ីស្រាអែលថា ពង្រាងសេចក្ដីសម្រេចនេះនឹងក្លាយជាគ្រោះមហន្តរាយសម្រាប់ដែនដីប៉ាឡេស្ទីន។

លោកស្រីបានប្រាប់សារព័ត៌មាន AFP ថា នេះជារឿងគួរឲ្យខឹងដែលរដ្ឋជាសមាជិកមួយរបស់អង្គការសហប្រជាជាតិកំពុងធ្វើការដើម្បីរំលាយទីភ្នាក់ងារអង្គការសហប្រជាជាតិ ដែលចាប់បដិសន្ធិឡើងជាអ្នកឆ្លើយតបដ៏ធំបំផុតនៅក្នុងប្រតិបត្តិការមនុស្សធម៌នៅហ្កាហ្សា៕