ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមាន២ម៉ូតូ គ្នាចំនួន០៤នាក់ ធ្វើសកម្មភាពឆក់ ការបូបពីស្រ្តីម្នាក់កំពុងជិះម៉ូតូ មិនបានសម្រេចបណ្ដាលឲ្យស្រ្តីដួលបោកក្បាល និងរងរបួសបែកមុខ រងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ស្រ្តីរងគ្រោះ មានឈ្មោះ ឃុន ភី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ពងទាកូន និងការស្នាក់នៅស្រ្តីរងគ្រោះមិនចាំដោយរងរបួសត្រង់ក្បាលធ្ងន់ធ្ងរខ្លាំងពេក។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកលតហេតុស្រ្តីរងគ្រោះ ជិះម៉ូតូ ម៉ាកwave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-4652 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចមុខមន្ទីរពេទ្យកុមារជាតិ ស្រាប់តែលេចមុខក្រុមជនសង្ស័យ ចំនួន២ម៉ូតូ មានគ្នា០៤នាក់ ធ្វើដំណើរស្របទិសគ្នា ធ្វើសកម្មភាពឆក់ការបូប របស់ស្រ្តីកំពុងជិះ wave មិនបានសម្រេច (មិនដាច់ខ្សែរកាបូប) បណ្ដាលឲ្យម៉ូតូស្រ្តីរងគ្រោះដួលទាំងកម្រោល ធ្វើឲ្យស្រ្តីរងរបួសធ្ងន់ធ្ងរ បែកមុខ។
ពាក់ព័ន្ធបញ្ហា អសន្តិសុខក្នុងមូលដ្ឋានខណ្ឌទួលគោកនេះដែរ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ករណីបែបនេះ កើតឡើងជាញឹកញាប់ ប៉ុន្តែសមត្ថកិច្ចខណ្ឌទួលគោក ដែលមានលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មិនដែលធ្វើការស្រាវជ្រាវ ឬបង្ក្រាបបានម្ដងណាឡើយ។
ទទ្ទឹមនឹងនេះផងដែរ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ ជួយពង្រឹង សន្តិសុខសុវត្ថិភាព បន្ថែមជូនដល់ប្រជាពលរដ្ឋផង ជាក់ស្ដែងដូចករណីខាងលើនេះ គឺក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទាំងថ្ងៃ និងតាមបណ្ដោយមហាវិថីធំៗ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរ៕
អត្ថបទ៖ កុម្ភះ



