នាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានច្រានចោលគំនិតនៃការពង្រីកសមាសភាពចម្រុះកំពុងកាន់អំណាចនៅពេលនេះ ប៉ុន្តែបានបង្ហាញពីបំណងក្នុងការបញ្ចូលគំនិតគោលនយោបាយពីក្រុមដែលមានទស្សនៈវិស័យដូចគ្នា បន្ទាប់ពីការបរាជ័យយ៉ាងធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យទី២៧តុលាចុងសប្ដាហ៍នេះ។

យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រីជប៉ុន Shigeru Ishiba បានប្តេជ្ញាកាលពីថ្ងៃចន្ទថានឹងនៅបន្តកាន់តំណែង ទោះការបោះឆ្នោតមុនកំណត់ដ៏ប្រថុយប្រថានរបស់លោកមិនគាប់បំណងរបស់លោកយ៉ាងណាក្ដី ដោយបក្សក្រុមចម្រុះ កាន់អំណាចរបស់លោក ពុំបានទទួលសំឡេងឆ្នោតភាគច្រើនដាច់ខាតជាលើកដំបូងតាំងពីឆ្នាំ ២០០៩។

ការអត្ថាធិប្បាយរបស់លោកបានធ្វើឡើង ស្របពេលមានការរំពឹងទុកថា គណបក្សប្រជាធិបតេយ្យសេរីរបស់លោកអាចនឹងស្វែងរកកិច្ចព្រមព្រៀងគោលនយោបាយជាមួយគណបក្សប្រជាធិបតេយ្យដើម្បីប្រជាជន ដែលបានមើលឃើញអាសនៈរបស់ខ្លួននៅក្នុងសភាមានសមាជិកចំនួន ៤៦៥ ច្រើនជាងបួនដងនៃចំនួនអាសនៈដែលខ្លួនទទួលបានកាលពីថ្ងៃអាទិត្យ ដើម្បីទប់ស្កាត់ការជាប់គាំងខាងនយោបាយ។

មេដឹកនាំគណបក្ស DPP លោក Yuichiro Tamaki បានប្រាប់កម្មវិធីទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា គណបក្សទាំងពីរបានទាក់ទងគ្នាទៅវិញទៅមក នៅកម្រិតអគ្គលេខាធិការបក្ស។
កាលពីថ្ងៃចន្ទ លោក Ishiba បានហៅលទ្ធផលបោះឆ្នោត ដែលប្លុកចម្រុះកំពុងកាន់អំណាចបានបាត់បង់សំឡេងភាគច្រើនដាច់ខាតរបស់ខ្លួននៅក្នុងសភាជាន់ទាបដ៏មានអំណាច ថាជាស្ថានភាពលំបាកខ្លាំង ដោយបានប្តេជ្ញាថានឹងធ្វើកំណែទម្រង់ជាមូលដ្ឋានរបស់គណបក្សដើម្បីស្តារទំនុកចិត្តអ្នកបោះឆ្នោត ដែលរង្គោះរង្គើដោយរឿងអាស្រូវមូលនិធិ៕