សហជីពការងារធំៗចំនួនពីររបស់ប្រទេសអេស្ប៉ាញ បានចាប់ផ្តើមធ្វើកូដកម្មជាបន្តបន្ទាប់ កាលពីថ្ងៃចន្ទ ដោយអំពាវនាវឱ្យមានការផ្លាស់ប្តូរលក្ខខណ្ឌសម្រាប់ការចូលនិវត្តន៍មុនពេលកំណត់សម្រាប់អ្នកបើកបររថយន្តក្រុង។

អ្នកធ្វើដំណើររាប់រយនាក់ ត្រូវបានគេមើលឃើញកំពុងតម្រង់ជួរនៅឯស្ថានីយ Plaza Castilla និងស្ថានីយ Moncloa ដ៏មមាញឹករបស់ទីក្រុងម៉ាឌ្រីដ ខណៈពួកគេមួយចំនួនត្រូវរង់ចាំជាង៣០នាទីសម្រាប់រថយន្តក្រុង ទោះបីជាសេវាកម្មមួយចំនួនត្រូវបានអំពាវដោយរដ្ឋាភិបាលក្នុងតំបន់ ឲ្យបម្រើសេវាក៏ដោយ។

អ្នកធ្វើដំណើរខ្លះទៀត បានយល់ស្របជាមួយនឹងការធ្វើកូដកម្មនេះថាជាមធ្យោបាយមួយ ដើម្បី «បង្កើនសំឡេងគាំទ្ររបស់ពួកគេ» ខណៈអ្នកផ្សេងទៀតបង្ហាញភាពអស់សង្ឃឹមក្នុងពេលធ្វើដំណើរទៅកន្លែងធ្វើការងាររបស់ពួកគេ។
ប្រសិនបើកិច្ចព្រមព្រៀង មិនត្រូវបានឈានដល់រវាងសហជីពនិងផ្នែកគ្រប់គ្រងរថយន្តក្រុង ការធ្វើកូដកម្មនឹងបន្តនៅថ្ងៃទី១១, ២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា បូករួមទាំងការធ្វើកូដកម្មដែលមិនកំណត់ពេល អាចកើតមានចាប់ពីថ្ងៃទី២៣ ខែធ្នូ។