នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីផ្ទេរ និងចូលកាន់តំណែងរបស់ប្រធានគណៈមេធាវី អាណត្តិទី១៥ និងក្រុមប្រឹក្សាគណៈមេធាវី អាណត្តិទី១១ ដែលពិធីនេះប្រារព្ធឡើងនៅ “សហសាលឧត្តមភាព”នៃទីស្នាក់ការគណៈមេធាវី។

ឯកឧត្តម លី ច័ន្ទតុលា បានផ្តល់ជាអនុសាសន៍ និងសំណូមពរមួយចំនួនដល់សមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ដើម្បីធានាប្រសិទ្ធភាពនៃការងារដូចជា
១. ត្រូវគាំទ្រដល់គោលនយោបាយ និងសហការជាមួយប្រធានគណៈមេធាវី ក្នុងទិសដៅលើកកម្ពស់ តម្លៃវិជ្ជាជីវៈ និងឧត្តមប្រយោជន៍ របស់វិជ្ជាជីវៈ។
២. សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវី។
៣. ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ គិតគូរនិងតម្កល់ផលប្រយោជន៍របស់គណៈមេធាវីជាធំ។
៤. រាល់កិច្ចប្រជុំនិងការពិភាក្សារបស់ក្រុមប្រឹក្សាគណៈមេធាវី គឺជាការសម្ងាត់។ មានហេតុផលច្រើនណាស់ដែលនាំឱ្យបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាគណៈមេធាវីចែងយ៉ាងច្បាស់អំពីការរក្សាការសម្ងាត់នេះ។ ការពិភាក្សានិងការសម្រេចមួយចំនួន គឺមានពាក់ព័ន្ធនឹងកិត្តិយស ឬកេរ្ត៍ឈ្មោះរបស់មេធាវី ឈ្មោះអ្នកគាំទ្រឬមិនគាំទ្រ ក៏ដូចជាយុទ្ធសាស្ត្ររបស់គណៈមេធាវីផងដែរ។ រាល់ការផ្សព្វផ្សាយព័ត៌មានណាមួយទៅតតិយជនគឺត្រូវធ្វើឡើងតាមរយៈយន្តការផ្សព្វផ្សាយរបស់គណៈមេធាវី។
៥. ត្រូវចូលរួមប្រជុំឱ្យបានទៀងទាត់និងទាន់ពេលវេលា។
៦. ត្រូវសិក្សា ស្រាវជ្រាវ និងសកម្មនៅក្នុងការជជែក ពិភាក្សា វែកញែក ធ្វើយ៉ាងណាធានាថារាល់ការសម្រេចនីមួយៗរបស់ក្រុមប្រឹក្សាគឺមានហេតុផលត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ។
ឯកឧត្តម ក៏សូមសំណូមពរដល់ថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់របស់គណៈមេធាវី គាំទ្រនិងផ្តល់ជំនួយគ្រប់បែបយ៉ាង ដល់ប្រធានគណៈមេធាវីថ្មី និងសមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ នៅក្នុងការបំពេញការងាររបស់ខ្លួន។

ឯកឧត្តម លី ចន្ទ័តុលា សង្ឃឹមថា សហភាតាសមាជិកសមាជិកាក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១១ ទាំងអស់ រួមនឹង ប្រធានគណៈមេធាវីអាណត្តិថ្មី នឹងគោរពបានខ្ជាប់ខ្ជួនតាមការសន្យារបស់ខ្លួន ហើយនឹងជួយប្រធានគណៈមេធាវី ដើម្បីសម្រួល និងពន្លឿនវិធាន និងយន្តការទាំងឡាយដើម្បីភាពជោគជ័យនៃការងារ ដើម្បីបន្តលើក តម្កើងឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវីរបស់យើង ដើម្បីជាឧត្តមប្រយោជន៍នៃវិជ្ជាជីវៈមួយនេះ៕








