បាល់ទាត់៖ ទីក្រុង Catalonia នឹងអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាពេញកីឡដ្ឋាន Nou Camp ១០០% ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតទៅ។ រយៈពេលជាង ១ឆ្នាំ រឺ ១៨ខែមកហើយដែលមេរោគរាតត្បាត Covid-19 វាយលុកនៅលើទឹកដីអេស្ប៉ាញ ខណៈចុងសប្តាហ៍នេះ Barcelona នឹងបានឃើញរូបភាពដែលមានអ្នកទស្សនាពេញកីឡដ្ឋានជិត ១០ម៉ឺននាក់ជាលើកដំបូងនៅក្នុងកីឡដ្ឋាន Nou Camp។

កន្លងមក Nou Camp បានបើកឱ្យមនុស្សចូលទស្សនាតែ ៦០% ប៉ុណ្ណោះនៃបរិមាណសរុប។ Barcelona នឹងទទួលភ្ញៀវ Valencia ថ្ងៃអាទិត្យចុងសប្តាហ៍នេះដែលកំពុងមានចំណាត់ថ្នាក់លេខ៩ ក្រោម Barcelona មួយចំណាត់ថ្នាក់តែមានពិន្ទុស្មើគ្នា។ បន្ទាប់ពី Valencia, Barcelona ក៏នឹងត្រូវបើកកីឡដ្ឋាន Nou Camp ម្តងទៀតទទួល Dynamo Kyiv នៅក្របខណ្ឌ UEFA Champions League មុនពេលដែលនឹងត្រូវជួបជាមួយក្រុមកំពូលតារាង La Liga ក្នុងជំនួប El Clasico ដំបូងក្នុងរដូវកាលនេះ។ សូមបញ្ជាក់ថា ការឈានដល់ការអនុញ្ញាតឱ្យអ្នកគាំទ្រចូលទស្សនាពេញកីឡដ្ឋានបែបនេះ បន្ទាប់ពីករណីឆ្លងថ្មីនៃមេរោគ Covid-19 បានធ្លាក់ចុះក្នុងអត្រាទាបបំផុតតាំងពីខែកក្កដាឆ្នាំមុននៅក្នុងប្រទេសអេស្ប៉ាញ៕
អត្ថបទ៖នាង សុភាវុធ