មន្ទីរបញ្ចកោណ បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនទាហានប្រហែល ១០.០០០នាក់ ទៅហ្វឹកហាត់នៅក្នុងប្រទេសរុស្ស៊ី ជាចំនួនច្រើនជាងការប៉ាន់ប្រមាណបីដងកាលពីពេលមុន ខណៈសម្ព័ន្ធយោធាណាតូ បានព្រមានអំពីការរីកធំដ៏គ្រោះថ្នាក់នៃសង្រ្គាមនៅអ៊ុយក្រែន។

រុស្ស៊ី និងកូរ៉េខាងជើង បានជំរុញសម្ព័ន្ធភាពផ្នែកនយោបាយនិងយោធារបស់ពួកគេ នៅក្នុងជម្លោះ ប៉ុន្តែ ការដាក់ពង្រាយកងទ័ពរបស់ទីក្រុងព្យុងយ៉ាងក្នុងការប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងរបស់ទីក្រុងគីវ នឹងបង្ហាញពីការរីកធំនៃជម្លោះ។
លោកស្រី Sabrina Singh អ្នកនាំពាក្យរងមន្ទីរបញ្ចកោណ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា យើងជឿថា កូរ៉េខាងជើង បានបញ្ជូនទាហានសរុបប្រហែល ១០.០០០នាក់ទៅហ្វឹកហាត់ នៅភាគខាងកើត ប្រទេសរុស្ស៊ី ដែលប្រហែលជានឹងបង្កើនកងកម្លាំងរុស្ស៊ីនៅជិតប្រទេសអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោកស្រី Singh បាននិយាយថា ផ្នែកមួយនៃទាហានទាំងនោះ បានធ្វើដំណើរទៅជិតអ៊ុយក្រែនរួចហើយ ហើយយើងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា រុស្ស៊ីមានបំណងប្រើប្រាស់ទាហានទាំងនេះក្នុងការប្រយុទ្ធ ឬដើម្បីជួយដល់ប្រតិបត្តិការប្រយុទ្ធប្រឆាំងជាមួយកងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Kursk Oblast របស់រុស្ស៊ី។
លោកស្រី បាននិយាយអំពីប្រធានាធិបតីរុស្ស៊ី ដែលកងកម្លាំងរបស់លោកត្រូវបានគេរាយការណ៍ថា បានរងរបួសរាប់សែននាក់ក្នុងប្រទេសអ៊ុយក្រែនថា ចំនួនទាហានកូរ៉េខាងជើង ក្នុងប្រទេសរុស្ស៊ីអាចនឹងកើនឡើងបន្ថែមទៀត ខណៈភាពអស់សង្ឃឹមរបស់លោកពូទីនបន្តកើនឡើង។