ស្ថាប័នការពារកោះតៃវ៉ាន់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលអនុញ្ញាតឲ្យខ្លួនទិញយានដ្រូនវាយប្រហារយ៉ាងច្រើនរហូតដល់ ១.០០០គ្រឿង ពីក្រុមហ៊ុនម៉ៅការការពារជាតិ AeroVironment និងក្រុមហ៊ុនបច្ចេកវិទ្យាការពារជាតិ Anduril Industries ដើម្បីយកទៅជួយទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសចិនលើកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។ នេះបើយោងតាមបុគ្គលនៅក្នុងឧស្សាហកម្មនេះ ដែលដឹងពីប្រតិបត្តិការនេះ។

កោះតៃវ៉ាន់បានចុះហត្ថលេខាលើ «លិខិតផ្តល់ជូន និងទទួលយក« នៅចុងខែកញ្ញា ដែលជាជំហានមុនពេលចុះហត្ថលេខាលើកិច្ចសន្យាដែលបញ្ជាក់ពីបរិមាណ តម្លៃជាប្រាក់ដុល្លារ និងកាលបរិច្ឆេទបញ្ជូន។ ហើយបើតាមមនុស្សដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ និងដែលកំពុងពិភាក្សាពីវិធានការមិនបញ្ចេញឲ្យដឹងនេះ បានឲ្យដឹងថា កិច្ចសន្យាទាំងនោះអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗនេះ។ តែយ៉ាងណាក្ដី អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វី ជុំវិញការលក់ដូរឲ្យកោះតៃវ៉ាន់ណាមួយដែលកំពុងរង់ចាំនោះឡើយ។
គួរបញ្ជាក់ថា យានដ្រូនវាយប្រហារបានក្លាយជាសមាសធាតុដ៏សំខាន់នៃសង្គ្រាមសម័យទំនើប។ កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែន បានដាក់ពង្រាយយានដ្រូនរាប់ពាន់គ្រឿង ដើម្បីឈ្លបយកការណ៍គ្នាទៅវិញទៅមក និងសម្រាប់ការវាយប្រហារ ក្នុងសង្គ្រាមដែលកំពុងបន្តមានរបស់ពួកគេ ខណៈដែលយានដ្រូនត្រូវបានប្រើប្រាស់ក្នុងការវាយប្រហាររបស់អ៊ីរ៉ង់លើអ៊ីស្រាអែល កាលពីខែមេសា។
ប្រតិបត្តិការនេះបង្ហាញថា «ទាំងកោះតៃវ៉ាន់ និងអាមេរិកកំពុងរៀននូវមេរៀនសំខាន់ៗពីការប្រយុទ្ធនៅអ៊ុយក្រែន ហើយបង្វែរចំណេះដឹងនោះទៅជាលទ្ធកម្មនាពេលអនាគត»។ នេះបើតាមសម្ដីរបស់ឧត្តមនាវីទោ លោក Mark Montgomery នាយកជាន់ខ្ពស់នៃមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ ដែលបានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីវាយតម្លៃតម្រូវការការពារជាតិរបស់កោះនេះ៕