រដ្ឋបាលលោក Joe Biden កាលពីថ្ងៃចន្ទ (ទី២៨ ខែតុលា) បាននិយាយថា ខ្លួនកំពុងបញ្ចប់ច្បាប់ដែលនឹងដាក់កម្រិតដល់ការវិនិយោគរបស់សហរដ្ឋអាមេរិក ក្នុងវិស័យបញ្ញាសិប្បនិម្មិត (AI) និងវិស័យបច្ចេកវិទ្យាផ្សេងទៀត នៅក្នុងប្រទេសចិន ដែលអាចគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ច្បាប់ដែលត្រូវបានស្នើឡើង កាលពីខែមិថុនា ដោយក្រសួងរតនាគារអាមេរិក ត្រូវបានបង្គាប់បញ្ជាដោយក្រឹត្យដែលចុះហត្ថលេខាដោយប្រធានាធិបតី លោក Biden ក្នុងខែសីហា ឆ្នាំ២០២៣ ដែលគ្របដណ្តប់លើវិស័យសំខាន់ៗចំនួន៣ នោះគឺគ្រឿងអេឡិចត្រូនិក និងមីក្រូអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន Quantum និងប្រព័ន្ធ AI មួយចំនួន។

ច្បាប់ថ្មីនេះចូលជាធរមាន នៅថ្ងៃទី២ ខែមករា ហើយនឹងត្រូវបានត្រួតពិនិត្យដោយការិយាល័យប្រតិបត្តិការសកលដែលទើបបង្កើតថ្មីរបស់ក្រសួងរតនាគារ។ ក្រសួងរតនាគារបាននិយាយថា «បណ្តុំនៃបច្ចេកវិទ្យាតូចចង្អៀត គឺជាស្នូលសម្រាប់កម្មវិធីយោធាជំនាន់ក្រោយ សន្តិសុខតាមអ៊ីនធឺណិត ការឃ្លាំមើល និងកម្មវិធីស៊ើបការណ៍សម្ងាត់»។
ច្បាប់នេះគឺជាផ្នែកមួយនៃការជំរុញយ៉ាងទូលំទូលាយ ដើម្បីទប់ស្កាត់ចំណេះជំនាញរបស់សហរដ្ឋអាមេរិកកុំឲ្យក្លាយជាផ្នែកនៃការជួយដល់ប្រទេសចិន ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាទំនើប និងគ្រប់គ្រងទីផ្សារពិភពលោក។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Gina Raimondo បាននិយាយនៅដើមឆ្នាំ២០២៤ នេះថា ច្បាប់មានសារៈសំខាន់ណាស់ ក្នុងការទប់ស្កាត់ការអភិវឌ្ឍបច្ចេកវិទ្យា ទាក់ទងនឹងយោធារបស់ចិន៕