រដ្ឋសមាជិករបស់សហភាពអឺរ៉ុប (EU) មួយក្រុម បានរិះគន់នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ចំពោះអ្វីដែលពួកគេហៅថា ការធ្វើដំណើរទស្សនកិច្ច «លឿនពេក» ទៅកាន់ប្រទេសហ្សកហ្ស៊ី ពោលគឺមានរយៈពេល ២ថ្ងៃបន្ទាប់ពីមាននូវការបោះឆ្នោតដែលក្រុមប្រឆាំងរបស់ប្រទេសតំបន់កូកាសមួយនេះ បាននិយាយថា មានការក្លែងបន្លំ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអាល្លឺម៉ង់កាលពីថ្ងៃចន្ទ (ទី២៨) ខែតុលា) ក្រុមសមាជិកទាំងនេះបានថ្កោលទោស «រាល់ការរំលោភលើបទដ្ឋានអន្តរជាតិ សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌» ហើយបានប្រាប់ថា លោក Orban មិននិយាយក្នុងនាមជាអ្នកតំណាងឲ្យប្លុក ២៧ប្រទេសនោះទេ។ លិខិតនោះត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីមកពីរដ្ឋសមាជិកចំនួន ១៣ រួមមាន អាល្លឺម៉ង់ បារាំង ប៉ូឡូញ និងហូឡង់។

លោក Orban ដែលកាន់តំណែងជាប្រធានប្តូរវេនរយៈពេល ៦ខែរបស់ EU បានធ្វើដំណើរដល់ទីក្រុង Tbilisi (ប៊ីលីស៊ី) កាលពីថ្ងៃទី២៨ ខែតុលា ហើយបានឲ្យដឹងនៅក្នុងការបង្ហោះលើបណ្ដាញសង្គម X ថា «ហ្សកហ្ស៊ី គឺជារដ្ឋអភិរក្សនិយម គ្រិស្តសាសនា និងគាំទ្រអឺរ៉ុប។ ជំនួសឲ្យការស្ដីបន្តោសដែលឥតប្រយោជន៍ ពួកគេត្រូវការការគាំទ្ររបស់យើង នៅលើដំណើរផ្លូវឆ្ពោះទៅអឺរ៉ុបរបស់ពួកគេ»។
នៅថ្ងៃបោះឆ្នោត លោកបានប្រញាប់អបអរសាទរដល់គណបក្ស Georgian Dream ដែលបានទទួលជ័យជម្នះ ក្នុងការប្រកួតប្រជែងជ្រើសរើសសភានេះ។ តែការបោះឆ្នោតមិនទាន់ត្រូវបានរាប់អស់នៅឡើយទេ ហើយលទ្ធផលក៏មិនទាន់បានចេញនោះដែរ នៅពេលដែលលោកបានប្រកាសនោះទេ។ នេះបើយោងទៅតាមកំណត់សម្គាល់សហគមន៍ដែលភ្ជាប់ទៅនឹងការប្រកាសរបស់លោកនៅលើបណ្ដាញសង្គម X នោះ។ អ្នកសង្កេតការណ៍អន្តរជាតិក៏បានគូសបញ្ជាក់ពីចំណុចខ្វះខាតមួយចំនួនផងដែរ នៅក្នុងការបោះឆ្នោតនោះ៕