ដោយរយៈពេលមួយសប្តាហ៍ទៀតនឹងដល់ការបោះឆ្នោតហើយនោះ ការនាំមុខរបស់លោកស្រីអនុប្រធានាធិបតី Kamala Harris លើអតីតប្រធានាធិបតី លោក Donald Trump ក្នុងការស្ទង់មតិថ្នាក់ជាតិកំពុងចាប់ផ្តើមមានកម្រិតស្ដួចស្ដើងទៅៗ។

ជារួម បើយោងតាមការស្ទង់មតិជាមធ្យមរបស់សារព័ត៌មាន The New York Times បានបង្ហាញថា លោកស្រីនាំមុខមិនដល់ ១ភាគរយនោះទេ។ នេះជាការនាំមុខក្នុងកម្រិតដ៏តិចតួចបំផុតរបស់លោកស្រី ចាប់តាំងពីពាក់កណ្តាលខែសីហា។ តែទោះជាយ៉ាងនេះក្តី ការស្ទង់មតិកាលពីសប្តាហ៍មុន ពិតជាបានផ្តល់ឲ្យលោកស្រីនូវសញ្ញាវិជ្ជមាន នោះគឺការស្ទង់មតិរបស់រដ្ឋហាក់ដូចជាមិនប្ដូរទៅរកលោក Trump នោះឡើយ ទោះបីជាការស្ទង់មតិថ្នាក់ជាតិបានបង្ហាញលទ្ធផលយ៉ាងនោះក៏ដោយ។

យ៉ាងណាក្ដី បណ្ដារដ្ឋសមរភូមិ នៅតែមានភាពតានតឹងមិនធម្មតា ដោយគ្មានបេក្ខជនណាម្នាក់នាំមុខជាពិសេសណាមួយនោះឡើយ នៅក្នុងរដ្ឋចំនួន៧ ដែលទំនងជាកន្លែងផ្ដល់ការសម្រចខ្ពស់បំផុត សម្រាប់តំណែងប្រធានាធិបតីឆ្នាំនេះ។ ក្នុងន័យមួយ នោះមិនគួរឲ្យភាពភ្ញាក់ផ្អើលអ្វីឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា លោកស្រី Harris នៅតែមានការប្រកួតប្រជែងនៅក្នុងរដ្ឋសមរភូមិដដែល បើទោះជាការនាំមុខថ្នាក់ជាតិរបស់លោកស្រីបានធ្លាក់ចុះក៏ដោយ។
ដោយទូទៅ ការបោះឆ្នោតថ្នាក់ជាតិដែលមានភាពប្រទាញប្រទង់គ្នា នឹងមិនមែនជាប្រផ្នូលល្អ សម្រាប់ក្រុមប្រជាធិបតេយ្យនោះទេ។ នៅក្នុងការប្រកួតប្រជែង ២លើកដំបូងរបស់លោក លោក Trump ទទួលបានលទ្ធផលល្អជាង នៅក្នុងរដ្ឋសមរភូមិជាងថ្នាក់ជាតិ ដែលអាចឲ្យរូបលោកយកឈ្នះលោកស្រី Hillary Clinton ដោយមិនបានឈ្នះការបោះឆ្នោតជាតិ ហើយស្ទើរតែទទួលបានលទ្ធផលដូចគ្នាដែរ ពេលតទល់នឹងលោក Joe Biden៕