ចិន៖ ព្រឹត្តិការណ៍កីឡាជាលក្ខណៈអន្តរជាតិមួយត្រូវបានរៀបចំឡើងនៅក្នុងប្រទេសចិនជាលើកដំបូង ចាប់តាំងពីការផ្ទុះឡើងនៃមេរោគរាតត្បាតជាសកល Covid-19។ ការប្រកួតកីឡាសម្តែងស្គីលើផ្ទាំងទឹកកក Asia Open Trophy ត្រូវរៀបចំឡើងនៅកីឡដ្ឋានទើបកែលម្អថ្មី Capital Indoor Stadium ចន្លោះថ្ងៃទី១៣ ដល់ ១៦ ខែតុលានេះ។

ជាមួយគ្នានោះដែរនេះក៏ជាព្រឹត្តិការណ៍សាកល្បងមួយទៀតរបស់ចិន មុនរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាឆ្នាំក្រោយ។ វិធានការតឹងរ៉ឹងលើផ្នែកសុខាភិបាលត្រូវបានណែនាំឡើងនៅក្នុងព្រឹត្តិការណ៍នេះ ពោលគឺអត្តពលិកដែលចូលរួមទាំងអស់តម្រូវឱ្យចាក់វ៉ាក់សាំងគ្រប់ចំនួនដូស ១៤ថ្ងៃមុនមកដល់ទឹកដីចិន។ ភាគីដែលចូលរួមមិនថា អត្តពលិក រឺប្រតិភូមិនអាចចាកចេញពីសណ្ឋាគារដែលខ្លួនស្នាក់នៅបានឡើយ ក្រៅពីការចាកចេញទៅហ្វឹកហាត់ និងប្រកួតទៅតាមកាលវិភាគ និងទីតាំងដែលបានកំណត់ជាក់លាក់។ ចំណែកក្រុមអ្នកផ្សព្វផ្សាយសារព័ត៌មានត្រូវធ្វើតេស្តជាប្រចាំរាល់ ២៤ម៉ោងម្តង។
ម្ចាស់មេដាយប្រាក់ចិន Han Cong និង Sui Wenjing រួមជាមួយអត្តពលិកជប៉ុន Yuma Kagiyama, Mai Mihara និង Kaori Sakamoto ក៏ដូចជាអត្តពលិកមកពីឡេតូនី Deniss Vasiljevs ក៏បានចូលរួមការប្រកួតនៅរដ្ឋធានីប៉េកាំងនេះផងដែរ តែអត្តពលិកក្តីរំពឹងមេដាយមាសរបស់ជប៉ុនម្នាក់គឺ Rika Kihira បានប្រកាសដកខ្លួនមិនចូលរួមកាលពីដើមខែ។ សូមបញ្ជាក់ថា កីឡដ្ឋាន Capital Indoor នេះត្រូវបានសាងសង់ឡើងតាំងពីឆ្នាំ១៩៦៨ និងធ្លាប់ទទួលការប្រកួតវិញ្ញាសាកីឡាបាល់ទះកាលពីអូឡាំពិក ២០០៨ នៅទីក្រុងប៉េកាំងនេះ៕
អត្ថបទ៖នាង សុភាវុធ