ក្រុមហ៊ួទីនៅប្រទេសយេម៉ែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារចំនួន ៣លើក ដោយបានកំណត់គោលដៅទៅលើនាវាចំនួន ៣គ្រឿង នៅសមុទ្រអារ៉ាប់ និង សមុទ្រក្រហម ក៏ដូចជានៅក្នុងច្រកសមុទ្រ Bab al-Mandab។

អ្នកនាំពាក្យយោធាហ៊ួទីលោក Yahya Sarea បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលចាក់ផ្សាយដោយទូរទស្សន៍ al-Masirah TV ថា៖«ដើម្បីគាំទ្រដល់ការតស៊ូរបស់ប៉ាឡេស្ទីន និងលីបង់ យើងបានធ្វើប្រតិបត្តិការយោធាចំនួនបី ជាផ្នែកមួយនៃការបន្តដាក់ការរារាំងផ្លូវសមុទ្រទៅលើអ៊ីស្រាអែលដែលជា សត្រូវ។ ប្រតិបត្តិការដំបូង បានកំណត់គោលដៅលើនាវា SC Montreal នៅសមុទ្រអារ៉ាប់ភាគខាងត្បូង ជាមួយនឹងយានដ្រូនចំនួនពីរគ្រឿង ហើយការវាយប្រហារនោះ ត្រូវចំគោលដៅយ៉ាងជាក់ លាក់»។

លោកបាននិយាយថា៖«ប្រតិបត្តិការលើកទី២ បានកំណត់គោលដៅលើនាវា Maersk Kowloon នៅ សមុទ្រអារ៉ាប់ ដោយមីស៊ីលតម្រង់គោលដៅ» ដោយបន្ថែមថា៖«ប្រតិបត្តិការទី៣ បានកំណត់គោលដៅលើនាវា Motaro នៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandab ជាមួយនឹងមីស៊ីលបាលីស្ទីកជាច្រើនគ្រាប់ ហើយការវាយលុកនោះ គឺចំគោលដៅយ៉ាងជាក់លាក់»។
លោក Sarea បានបញ្ជាក់ថា៖«ប្រតិបត្តិការទាំងនេះ នឹងមិនបញ្ឈប់ឡើយ រហូតទាល់តែការឈ្លានពាន របស់(អ៊ីស្រាអែល) ត្រូវបញ្ឈប់ ការឡោមព័ទ្ធតំបន់ហ្កាហ្សាស្ទ្រីប ត្រូវបានដកចេញ ហើយការឈ្លានពានលើប្រទេសលីបង់ ត្រូវបញ្ឈប់» ដោយប្តេជ្ញាថា នឹងបើកការវាយប្រហារបន្ថែមទៀត។