អ៊ីស្រាអែល និងអ៊ីរ៉ង់កាលពីថ្ងៃចន្ទ បានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញការបង្កគ្រោះថ្នាក់ដល់សន្តិភាពមជ្ឈិមបូព៌ា ក្នុងកិច្ចពិភាក្សាដ៏ក្តៅគគុកមួយ នៅឯកិច្ចប្រជុំអង្គការសហប្រជាជាតិដែលបានធ្វើឡើង បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារគោលដៅយោធាអ៊ីរ៉ង់។

កាលពីថ្ងៃសៅរ៍ អ៊ីស្រាអែល បានធ្វើការវាយប្រហារផ្លូវអាកាសលើទីតាំងយោធា ក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីជាការឆ្លើយតបនឹងការវាយប្រហារដោយមីស៊ីលរបស់ទីក្រុងតេអេរ៉ង់ កាលពីថ្ងៃទី ០១ ខែតុលា ទៅលើអ៊ីស្រាអែល។ ក្រោយមកទៀត គឺជាការសងសឹកចំពោះការសម្លាប់មេដឹកនាំសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ និងមេបញ្ជាការកងឆ្មាំបដិវត្តន៍ម្នាក់។

នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខUN ដែលត្រូវបានស្នើដោយប្រទេសអ៊ីរ៉ង់ ប្រទេសនីមួយៗ បានអះអាងនូវសិទ្ធិរបស់ខ្លួន ក្នុងការការពារខ្លួន។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ អាមៀ សៃអ៊ីដ អ៊ីរ៉ាវ៉ានី (Amir Saeid Iravani) បានថ្លែងប្រាប់ក្រុមប្រឹក្សាសន្តិសុខថា៖«ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ គឺពិតជាជាក់ស្តែង ហើយមិនកើតឡើងដោយគ្មានការគាំទ្រនោះទេ។ ការវាយប្រហារដ៏ខ្លាំងក្លាបែបនេះ គឺជាផ្នែកមួយនៃការឈ្លានពានកាន់តែធំ និងធ្វើឲ្យកាន់តែឈឺចាប់ និងនិទណ្ឌភាពដែលអ៊ីស្រាអែលបន្តបង្កអស្ថិរដល់តំបន់ទាំងមូល។
លោកបានបន្ថែមថា ការរំលោភច្បាប់អន្តរជាតិឥតឈប់ឈរនិងជាប្រព័ន្ធរបស់អ៊ីស្រាអែល និងសកម្មភាព យោធានៅក្នុងទឹកដីប៉ាឡេស្ទីន លីបង់ ស៊ីរី និងយេម៉ែន គួរតែជំរុញឲ្យមានការថ្កោលទោសយ៉ាងច្បាស់លាស់ពីក្រុមប្រឹក្សាប្រឹក្សាសន្តិសុខUN។