ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហារបន្តរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងលើសពី ៤៣.000នាក់ គិតត្រឹមថ្ងៃចន្ទ ខណៈដែលកងកម្លាំងអ៊ីស្រាអែល បានបន្តវាយលុកតំបន់ ផ្សេងៗ នៅទូទាំងប្រទេសលីបង់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២.៧១០នាក់ ចាប់តាំងពីការប៉ះទង្គិចគ្នារវាងក្រុមហេសបូឡា និងអ៊ីស្រាអែល បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំមុន។

អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងរយៈពេល ៤៨ ម៉ោងកន្លងទៅ យោធាអ៊ីស្រាអែល បានសម្លាប់មនុស្ស ៩៦នាក់ និងរបួស ២៧៧នាក់ទៀត នៅតំបន់ហ្កាហ្សា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤៣.0២០នាក់ និងរបួសឡើងដល់ ១០១.១១០នាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា ជនរងគ្រោះមួយចំនួន នៅតែជាប់នៅក្រោមគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារស៊ីវិល មិនអាចទៅដល់ពួកគេបានទេ។
កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួន បានធ្វើការវាយឆ្មក់គោលដៅ នៅភាគកណ្តាល និងភាគខាងត្បូងហ្កាហ្សា ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធជាច្រើននាក់ និងកម្ទេចហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។