ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន សុក យ៉ូល ( Yoon Suk Yeol) បាននិយាយនៅថ្ងៃអង្គារនេះថា ការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី គឺជាការគំរាមកំហែងផ្នែកសន្តិសុខដល់ប្រទេសកូរ៉េខាងត្បូង និងពិភពលោក ដោយបានថ្កោលទោសចំពោះអ្វីដែលលោកហៅថា កិច្ចសហប្រតិបត្តិការយោធា «ខុសច្បាប់» រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ។

លោក យូន បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ស្របពេលដែលកូរ៉េខាងជើងដាក់ពង្រាយកងទ័ពរបស់ខ្លួន នៅភាគខាងលិចនៃប្រទេសរុស្ស៊ី ជាមួយនឹងសញ្ញាទាំងអស់ដែលបង្ហាញថា កងទ័ពកូរ៉េខាងជើង អាចនឹងត្រៀមរួចរាល់ ក្នុងពេលឆាប់ៗនេះ សម្រាប់ការដាក់ពង្រាយសមរភូមិប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។
លោក បានថ្លែងថា៖«កិច្ចសហប្រតិបត្តិការយោធាខុសច្បាប់នេះ រវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាការគំរាមកំហែងសន្តិសុខដ៏សំខាន់ដល់សហគមន៍អន្តរជាតិ ហើយអាចបង្កហានិភ័យយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់យើង»។
លោកប្រធានាធិបតី បានបញ្ជាក់ថា៖«ជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែនបន្តរយៈពេល ៣ឆ្នាំ កូរ៉េខាងជើងបានដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសរុស្ស៊ី លើសពីការផ្តល់អាវុធទៅទៀត។
លោកបានបន្ថែមថា៖«យើងត្រូវតែវាយតម្លៃឲ្យបានហ្មត់ចត់នូវលទ្ធភាពទាំងអស់ និងរៀបចំវិធានការ ប្រឆាំង។ ខ្ញុំជំរុញឲ្យអ្នកគ្រប់គ្នាចូលរួមក្នុងការគ្រប់គ្រងហានិភ័យ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត»។