កោះតៃវ៉ាន់៖ ក្រសួងការពារជាតិកោះតៃវ៉ាន់បានព្រមានប្រទេសចិនថា ខ្លួននឹងប្រើវិធានការប្រឆាំងដ៏ខ្លាំងក្លាតបតវិញកាលពីថ្ងៃពុធ ទី១៣ ខែតុលា ប្រសិនបើចិននៅតែបន្តចូលទៅជិតកោះតៃវ៉ាន់កាន់តែជិតទៀត ខណៈដែលទីក្រុងប៉េកាំងបានការពារការលុកលុយរបស់ខ្លួន ចូលទៅក្នុងតំបន់ការពារដែនអាកាសរបស់កោះតៃវ៉ាន់ថា គ្រាន់តែជាចលនាដើម្បីការពារសន្តិភាព និងស្ថិរភាពប៉ុណ្ណោះ។

រដ្ឋមន្ត្រីទទួលបន្ទុកការពារជាតិកោះតៃវ៉ាន់បាននិយាយកាលពីសប្តាហ៍មុនថា ភាពតានតឹងផ្នែកយោធាជាមួយចិនដែលអះអាងថា កោះតៃវ៉ាន់ជាដែនដីរបស់ខ្លួនគឺជាការប្រឈមដាក់គ្នាធ្ងន់ធ្ងរបំផុតក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ ដោយបន្ថែមថា ចិននឹងមានលទ្ធភាពបង្កើនការលុកលុយទ្រង់ទ្រាយធំនៅត្រឹមឆ្នាំ២០២៥។ ការថ្លែងរបស់លោកមានឡើង បន្ទាប់ពីការជ្រៀតចូលដែនអាកាសរបស់ចិនរយៈពេល ៤ថ្ងៃជាប់ៗគ្នា ទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ ដែលបានចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ជាផ្នែកមួយដែលកោះតៃវ៉ាន់មើលឃើញថា ជាការពង្រឹងកងកម្លាំងគៀបកោះតៃវ៉ាន់ពីសំណាក់ទីក្រុងប៉េកាំង។
មិនមានការបាញ់កាំភ្លើងទេ ហើយយន្តហោះរបស់ចិនបាននៅឆ្ងាយពីដែនអាកាសរបស់កោះតៃវ៉ាន់ ដោយផ្តោតសកម្មភាពរបស់ខ្លួននៅជ្រុងនិរតីនៃតំបន់ការពារដែនអាកាសកោះតៃវ៉ាន់។ ចិនបានស្តីបន្ទោសកោះតៃវ៉ាន់ និងអ្នកគាំទ្រអន្តរជាតិដ៏សំខាន់បំផុតរបស់កោះនេះគឺសហរដ្ឋអាមេរិក ចំពោះភាពតានតឹងនេះជាចំណុចមួយដែលលោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិនបានធ្វើឡើងជាថ្មីទៀតនៅទីក្រុងប៉េកាំង ដោយចង្អុលចំៗទៅគណបក្សដែលកំពុងកាន់អំណាចរបស់កោះតៃវ៉ាន់៕
អត្ថបទ៖ សុខមាន