កងជីវពលអ៊ីរ៉ាក់កាលពីថ្ងៃចន្ទ បានអះអាងពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនទៅលើមូលដ្ឋានយោធាអាមេរិកមួយ នៅក្នុងប្រទេសស៊ីរី។

ក្រុមប្រដាប់អាវុធមួយដែលមានឈ្មោះថា «ក្រុមអ្នកបដិវត្តន៍» ដែលអះអាងថា មានទំនាក់ទំនងជាមួយក្រុមតស៊ូឥស្លាម នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាអង្គភាពសម្របសម្រួលសម្រាប់កងជីវពលស៊ីអ៊ីតអ៊ីរ៉ាក់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិតថា ខ្លួនបានវាយប្រហារដោយមីស៊ីល និងយានដ្រូន ជាច្រើនគ្រឿង កាលពីយប់ថ្ងៃអាទិត្យ ទៅលើមូលដ្ឋានយោធា al-Tanf នៅជិតព្រំដែនស៊ីរីជាមួយអ៊ីរ៉ាក់ និងហ្ស៊កដានី ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ក្រុមទាំងនោះ បានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន នឹងបន្តរហូតដល់ទាហានអាមេរិកចុងក្រោយ ចាកចេញពីទឹកដីអ៊ីរ៉ាក់។ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ទន្ទឹមនឹងនេះ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ជាអ្នកឃ្លាំមើលសង្រ្គាមដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស បានអះអាងថា មូលដ្ឋានយោធា al-Tanf ត្រូវរងការវាយប្រហារ ហើយកងកម្លាំងចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក «បានបាញ់ទម្លាក់យានដ្រូនមួយគ្រឿង នៅចំណុចប្រសព្វនៃព្រំដែនរវាងអ៊ីរ៉ាក់ ស៊ីរី និងហ្ស៊កដានី នៅជិតមូលដ្ឋាន al-Tanf។