មានការគំរាមកំហែងបំផ្ទុះគ្រាប់បែកយ៉ាងច្រើនភ្លាមៗទៅលើជើងហោះហើរ ទាំងក្នុងស្រុក និងអន្តរជាតិជាង ៤០០វ៉ុល សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា។ ហើយបើយោងតាមរបាយការណ៍ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា The Hindu បានឲ្យដឹងថា ការគំរាមនេះបានកើតឡើងក្នុងរយៈពេលប្រហែល ២សប្តាហ៍ រហូតដល់ថ្ងៃទី២៨ ខែតុលា។
សេចក្ដីរាយការណ៍បានឲ្យដឹងថា៖ «ក្នុងរយៈពេល ១៥ថ្ងៃ ទាំងជើងហោះហើរក្នុងស្រុក និងអន្តរជាតិជាង ៤១០វ៉ុល ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា បានទទួលការគំរាមកំហែងបំផ្ទុះគ្រាប់បែកក្លែងក្លាយ» ដោយបន្ថែមថា ការគំរាមកំហែងភាគច្រើនត្រូវបានធ្វើឡើងតាមរយៈបណ្ដាញសង្គម។ នៅថ្ងៃទី២៨ ខែតុលាតែមួយថ្ងៃ ការគំរាមកំហែងបែបនេះ ត្រូវបានធ្វើឡើងចំពោះជើងហោះហើរជាង ៦០វ៉ុល។
អ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍ Air India បានអះអាងចំពោះសារព័ត៌មាន The Hindu ថា ជើងហោះហើររបស់ខ្លួនមួយចំនួន ទទួលរងការគំរាមកំហែងផ្នែកសន្តិសុខ ដែលទទួលបានតាមរយៈបណ្ដាញសង្គម កាលពីថ្ងៃទី២៨ ខែតុលា។
ចំពេលមានការគំរាមកំហែងបំផ្ទុះគ្រាប់បែកយ៉ាងច្រើនភ្លាមៗបែបនេះ ក្រសួងព័ត៌មានវិទ្យារបស់ប្រទេសឥណ្ឌា បានណែនាំសាធារណជនឲ្យគោរពតាម «កាតព្វកិច្ចដោយមានការប្រុងប្រយ័ត្ន និងលុបចោល ឬបិទការចូលប្រើព័ត៌មានមិនពិត» ភ្លាមៗ នៅលើបណ្ដាញសង្គម ក្នុងរយៈពេលមានការរឹតបន្តឹង ក្រោមច្បាប់របស់បច្ចេកវិទ្យាព័ត៌មានវិទ្យា៕