ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោកស្រី ក្លៅឌៀ សេនបោម(Claudia Sheinbaum) កាលពីថ្ងៃចន្ទបានច្រានចោលការចោទប្រកាន់ដែលថាការបន្តអំពើហិង្សា អាចបំផ្លាញសេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក។
លោកស្រីប្រធានាធិបតី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា «សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក មានភាពរឹងមាំ ហើយយើងនឹងធ្វើឱ្យមានភាពរីកចម្រើនឈានទៅរកសន្តិសុខ»។
លោកស្រី Sheinbaum បានទទួលស្គាល់ការកើនឡើងអំពើហិង្សានៅក្នុងផ្នែកមួយចំនួនរបស់ប្រទេស ដូចជារដ្ឋ ស៊ីនណាឡូអា(Sinaloa)ភាគខាងជើង ជាកន្លែងដែលមនុស្សជាង៣០នាក់ បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា បន្ទាប់ពីការចាប់ខ្លួនមេក្រុមជួញដូរគ្រឿងញៀន Ismael El Mayo Zambada ។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានឲ្យដឹងថា នៅក្នុងកម្រិតម៉ាក្រូសេដ្ឋកិច្ច អំពើហិង្សាមានផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច ហើយប្រទេសម៉ិកស៊ិក អាចរងផលប៉ះពាល់នេះ ប្រសិនបើឧក្រិដ្ឋកម្មហិង្សានៅតែបន្ត។
ដោយច្រានចោលការអះអាងនេះ លោកស្រី Sheinbaum បាននិយាយថា លោកស្រី មិនយល់ស្របទេ យើងមានយុទ្ធសាស្ត្រសន្តិសុខ ដែលនឹងផ្តល់លទ្ធផលជាវិជ្ជមាន។