ប្រធានាធិបតីប្រទេសម៉ូហ្សំប៊ិក លោក Filipe Nyusi កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ផ្តល់ជំនួយបន្តសម្រាប់ស្ថិរភាព និងសន្តិភាព នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ បន្ទាប់ពីការបោះឆ្នោត កាលពីពេលថ្មីៗ។
អំឡុងជំនួបជាមួយឯកអគ្គរដ្ឋទូតបរទេស ដែលបានធ្វើឡើងនៅទីក្រុង Maputo រដ្ឋធានីរបស់ប្រទេស លោក Nyusi បានបញ្ជាក់អំពីតួនាទីសំខាន់នៃស្ថិរភាពនយោបាយក្នុងការអភិវឌ្ឍន៍របស់ប្រទេស ម៉ូហ្សំប៊ិក និងសារៈសំខាន់នៃការរក្សាសន្តិភាព បន្ទាប់ពីការបញ្ចប់ការបោះឆ្នោតសកល ឆ្នាំ២០២៤។
លោក Nyusi បាននិយាយថា «យើងជំរុញឱ្យដៃគូអន្តរជាតិរបស់យើង បន្តគាំទ្រប្រទេសម៉ូហ្សំប៊ិក ជាពិសេសក្នុងអំឡុងពេលបែបនេះ នៅពេលដែលស្ថិរភាព និងសន្តិសុខរបស់ប្រទេសយើង ប្រឈមមុខ បញ្ហាស្មុគស្មាញជាច្រើន។ លោក Nyusi បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើហិង្សា កាលពីពេលថ្មីៗនេះ អំឡុងពេលតវ៉ា និងបាតុកម្មជាច្រើន នៅក្នុងប្រទេស។
លោក Nyusi និយាយថា «រលកនៃការតវ៉ានាពេលថ្មីៗនេះ បាននាំមកនូវការបំផ្លិចបំផ្លាញ និងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយកងកម្លាំងសន្តិសុខ ដោយបង្ខំឱ្យយើងអំពាវនាវឱ្យមានការអត់ធ្មត់ និងការប្រកាន់ខ្ជាប់នូវបទដ្ឋានដែលបានបង្កើតឡើង។
លោកប្រធានាធិបតី បានរំឮកពីបរិបទនៃការបោះឆ្នោតសកល កាលពីថ្ងៃទី៩ខែតុលា ដោយលើកឡើងថា ភាពអយុត្តិធម៌នានាកំពុងត្រូវបានពិនិត្យដោយក្រុមប្រឹក្សាធម្មនុញ្ញ ដែលជាស្ថាប័នទទួលខុសត្រូវលើការផ្ទៀងផ្ទាត់លទ្ធផលបោះឆ្នោត។