គេហទំព័ររដ្ឋាភិបាល បាននិយាយថា ប្រទេសស៊ុយអែត នឹងផ្តល់ប្រាក់ចំនួន ២០លានអឺរ៉ូ សម្រាប់ទិញឧបករណ៍ការពារសម្រាប់អ៊ុយក្រែន។
អាជ្ញាធរស៊ុយអែត បានប្រាប់បណ្តាទីភ្នាក់ងារពាក់ព័ន្ធរួចហើយ ឲ្យចរចានិងសម្រេចកិច្ចព្រមព្រៀងជាមួយប្រទេសដាណឺម៉ាក ទៅលើការផ្តល់ថវិកាចំនួន ២០លានអឺរ៉ូ សម្រាប់ការទិញឧបករណ៍យោធា ដោយឧស្សាហកម្មការពារជាតិអ៊ុយក្រែន សម្រាប់បញ្ជូនទៅទីក្រុងគីវ។ សេចក្តីប្រកាសព័ត៌មាននោះ បាននិយាយថា៖«តាមរយៈការបង្កើនផលិតកម្មនៅក្នុងប្រទេសអ៊ុយក្រែន មូលដ្ឋានឧស្សាហកម្មការពារជាតិអឺរ៉ុបទាំងមូល ត្រូវបានពង្រឹងកាន់តែខ្លាំងឡើង»។
យោងតាមអាជ្ញាធរស៊ុយអែត បានឲ្យដឹងថា ទឹកប្រាក់ចំនួន ៤៣លានអឺរ៉ូផ្សេងទៀត នឹងត្រូវផ្តល់ទៅឲ្យ «គំនិតផ្តួចផ្តើមពហុភាគីដែលបានបង្កើតឡើងជាច្រើន ក្នុងគោលបំណងផ្តល់ការគាំទ្រយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាពដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។ ជាឧទាហរណ៍ ប្រទេសស៊ុយអែត មានបំណងចូលរួមចំណែកដល់មូលនិធិណាតូ-អ៊ុយក្រែន សម្រាប់ទិញគ្រឿងយុទ្ធោបករណ៍ ក្នុងនោះមាន មីស៊ីលសម្រាប់យន្តហោះចម្បាំង F-16 ការហ្វឹកហាត់សម្រាប់កងទ័ពជើងទឹករបស់ប្រទេសនេះ ឬការបោសសម្អាតគ្រាប់មីន។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាល ប្រទេសស៊ុយអែត បានផ្តល់ជំនួយចំនួន ៥៧,៤ពាន់លាន ក្រូន័រ ( kronor) (៤,៩៩អឺរ៉ូ) ដល់អ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ដែលក្នុងនោះ ៤៨,៤ ពាន់លានក្រូន័រ (៤,២០អឺរ៉ូ) គឺជាជំនួយផ្នែកយោធា។