ក្រសួងការបរទេសរបស់ប្រទេសទួរគី នៅថ្ងៃអង្គារ (ទី២៩ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ការសម្រេចរបស់អ៊ីស្រាអែល ក្នុងការហាមឃាត់ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ UNRWA មិនឲ្យធ្វើប្រតិបត្តិការ នៅក្នុងប្រទេសរបស់ខ្លួន គឺជាការបំពានយ៉ាងច្បាស់ក្រឡែតលើច្បាប់អន្តរជាតិ ពោលគឺមានគោលបំណងរារាំងប្រជាជនប៉ាឡេស្ទីនដែលផ្លាស់ប្ដូរទីលំនៅមិនឲ្យវិលត្រឡប់ទៅដែនដីរបស់ពួកគេវិញ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ (ទី២៨ ខែតុលា) សភាអ៊ីស្រាអែលបានអនុម័តច្បាប់ ដើម្បីហាមឃាត់ UNRWA មិនឲ្យធ្វើប្រតិបត្តិការក្នុងប្រទេសអ៊ីស្រាអែល ដោយនាំឲ្យសម្ព័ន្ធមិត្តលោកខាងលិចមួយចំនួនរបស់អ៊ីស្រាអែលកាន់តែបារម្ភថា ចំណាត់ការនេះនឹងធ្វើឲ្យស្ថានការណ៍មនុស្សធម៌ដែលអាក្រក់ធ្ងន់ធ្ងររួចហើយនៅក្នុងតំបន់ហ្កាហ្សាកាន់តែមានសភាពពិបាកនឹងបរិយាយខ្លាំងឡើងៗ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសទួរគី បានលើកឡើងថា វិធានការនេះមានគោលបំណងរំខានដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់ដំណោះស្រាយរដ្ឋ២ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដោយបន្ថែមថា UNRWA បានផ្តល់ជំនួយដែលត្រូវការជាចាំបាច់ដល់ប៉ាឡេស្ទីន។
ក្រសួងបាននិយាយថា៖ «នេះជាកាតព្វកិច្ចផ្លូវច្បាប់ និងសីលធម៌របស់សហគមន៍អន្តរជាតិ ក្នុងការប្រកាន់ជំហររឹងមាំ ប្រឆាំងនឹងការប៉ុនប៉ងហាមឃាត់ UNRWA ដែលត្រូវបានបង្កើតឡើងដោយសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ»។
គួរបញ្ជាក់ថា ទួរគីបានរិះគន់ធ្ងន់ៗ ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់។ ប្រទេសនេះបានបញ្ឈប់រាល់ពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ដាក់ពាក្យបណ្ដឹងរួមក្នុងសំណុំរឿងប្រល័យពូជសាសន៍ប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការពិភពលោក ហើយបានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ចប់ការគាំទ្ររបស់លោកខាងលិច ចំពោះអ៊ីស្រាអែល ក្នុងនោះរួមទាំងការមានវិធានការអន្តរជាតិ ដើម្បីបញ្ឈប់ការវាយលុករបស់ប្រទេសនេះផងដែរ៕