បាល់ទាត់៖ ក្លិបបាល់ទាត់ប្រេស៊ីល Sao Paulo បានសំរេចបញ្ចប់តំណែងគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនលោក Hernan Crespo ចេញពីតំណែងហើយក្រោយដឹកនាំក្រុមបានត្រឹម ៨ខែ។ អតីតខ្សែប្រយុទ្ធ Chelsea រូបនេះបានមកកាន់តំណែងនៅ Sao Paulo កាលពីខែកុម្ភៈ បន្ទាប់ពីចាកចេញពីក្លិបអាហ្សង់ទីន Defensa y Justicia ដែលលោកដឹកនាំឈ្នះជើងឯក Copa Sudamericana គួរឱ្យភ្ញាក់ផ្អើល។

កិច្ចសន្យារបស់លោក Crespo ត្រូវអសឮសុពលភាពនៅដំណាច់ឆ្នាំ២០២២ នេះ តែក្លិបបានសំរេចចែកផ្លូវគ្នាជាមួយគ្រូបង្វឹកវ័យ ៤៦ឆ្នាំរូបនេះក្រោយ Sao Paulo មានរដូវកាលដ៏អាក្រក់មួយនៅក្នុងក្របខណ្ឌលីគកំពូលប្រេស៊ីល ដែលពួកគេកំពុងឈរលេខ១៣ មានត្រឹម ៣០ពិន្ទុប៉ុណ្ណោះពីការប្រកួត ២៥លើក ខណៈក្រុមនាំមុខគេគឺ Atletico Mineiro មាន ៥៤ពិន្ទុពីការប្រកួត ២៤លើក។ យ៉ាងណាក្តីមុនការចាកចេញនេះលោក Hernan Crespo ក៏បានដឹកនាំក្រុមឈ្នះពាន Sao Paulo State League ដែលជាពានដំបូងក្នុងរយៈពេល ៩ឆ្នាំរបស់ Sao Paulo។ បន្ទាប់ពីមានអាជីពជោគជ័យពេលជាកីឡាករ Hernan Crespo បានចាប់ផ្តើមអាជីពដឹកនាំកាលពីឆ្នាំ២០១៥ នៅទឹកដីអ៊ីតាលីដឹកនាំក្រុម Modena មុនពេលផ្លាស់មកដឹកនាំ Banfield នៅអាហ្សង់ទីនឆ្នាំ២០១៨ និង Defensa u Justicia នៅឆ្នាំ២០២០៕
អត្ថបទ៖នាង សុភាវុធ