នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Tbilisi ថា ប្រជាជនហ្ស៊កហ្ស៊ី បានធ្វើការជ្រើសរើសត្រឹមត្រូវ ដោយរារាំងប្រទេសរបស់ពួកគេមិនឲ្យក្លាយជាប្រទេសអ៊ុយក្រែនមួយផ្សេងទៀត។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ប្រជាជនហ្ស៊កហ្ស៊ី បានធ្វើការសម្រេចចិត្តថា គឺ ពួកគេ បោះឆ្នោតដើម្បីសន្តិភាព។ ពួកគេមិនអនុញ្ញាតឲ្យវប្រទេសរបស់ពួកគេ ក្លាយជាអ៊ុយក្រែនទី២ទេ។ យើងនឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងសមាហរណកម្មអឺរ៉ុបរបស់ហ្ស៊កហ្ស៊ី និងការអភិវឌ្ឍទំនាក់ទំនងហុងគ្រី-ហ្ស៊កហ្ស៊ី»។
មុននេះ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុង Tbilisi បន្ទាប់ពីការពិភាក្សាជាមួយសមភាគីហ្ស៊កហ្ស៊ី លោក Irakli Kobakhidze លោក Orban បានអបអរសាទរគណបក្ស Georgian Dream ដែលជាគណបក្សកាន់អំណាចរបស់ហ្ស៊កហ្ស៊ី ដែលបានឈ្នះការបោះឆ្នោតសភា កាលពីថ្ងៃទី ២៦ ខែតុលា។ អ្នកនយោបាយហុងគ្រីរូបនេះ បានសង្កត់ធ្ងន់ថា លក្ខណៈសេរីនិងប្រជាធិបតេយ្យនៃការបោះឆ្នោត គឺលែងមានការសង្ស័យទៀតហើយ។ លោកក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសនេះ សម្រាប់ជំហរ សន្តិភាពរបស់ខ្លួន ចំពោះជម្លោះអ៊ុយក្រែន។

