ភ្លៀងធ្លាក់ខ្លាំងបំផុត បានបង្អុរចុះឥតឈប់ឈរនៅខេត្តហៃណាន ភាគខាងត្បូងប្រទេសចិន ដែលជាភ្លៀងធ្លាក់ ៣ថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃអង្គារនេះ ស្របពេលដែលស្ថានភាពអាកាសធាតុផ្លាស់ប្តូរទៅជាព្យុះស៊ីក្លូនមួយទៀត ។
រូបភាពវីដេអូឃ្លីបនៅលើកញ្ចក់ទូរទស្សន៍រដ្ឋចិន CCTV ឃើញផ្លូវរងការជន់លិចយ៉ាងធ្ងន់ធ្ងរ ហើយក្រុមការងារសង្រ្គោះបន្ទាន់ កំពុងជម្លៀសពលរដ្ឋនៅលើទូកពោងរបស់ពួកគេនៅក្នុងស្រុក Lingshu របស់ខេត្តហហៃណាន ។
ទីក្រុងជាច្រើននៅក្នុងខេត្តហៃណាន រួមទាំងទីក្រុង Sanya ដើមដូង សណ្ឋាគារទល់មុខមាត់សមុទ្រ និងតំបន់ឆ្នេរ បន្តជន់លិចនៅថ្ងៃអង្គារនេះ ដោយសារព្យុះត្រូពិក Trami ហើយនិងជន់លិចរហូតដល់តំបន់ភាគខាងត្បូង ។
កាលពីថ្ងៃចន្ទ ទីក្រុង Sanya បានមើលឃើញភ្លៀងធ្លាក់កម្ពស់ ២៩៥មីលីម៉ែត្រ ក្នុងរយៈពេលជាង ២៤ម៉ោង ដែលជាកម្រិតទឹកភ្លៀងធ្លាក់ច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ នៅខែតុលា ចាប់តាំងពីឆ្នាំ ២០០០ ។
ជាទូទៅ ប្រទេសចិនពុំមានអ្វីចម្លែកនោះទេចំពោះទឹកជំនន់ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធការពារ និងផែនការឆ្លើយតបគ្រាអាសន្ន កំពុងស្ថិតក្រោមសំពាធកើនឡើង ពេលដែលភ្លៀងធ្លាក់ខ្លាំងជាប់កំណត់ត្រា បានជន់លិចទីក្រុងជាច្រើន បំផ្លិចបំផ្លាញដំណាំ និងធ្វើឲ្យរអាក់រអួលដល់សេដ្ឋកិច្ចក្នុងស្រុក ។
កាលពីខែកក្កដាកន្លងទៅ ប្រទេសចិន បានរងការខូចខាតសេដ្ឋកិច្ចគិតជាទឹកប្រាក់ ១០,៨ពាន់លានដុល្លារ ដោយសារគ្រោះមហន្តរាយធម្មជាតិ ក្នុងនោះ ៨៨ភាគរយនៃការខាតបង់ បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់បង្កឡើងដោយសារព្យុះទីហ្វុង Gaemi ៕


