សារព័ត៌មាន Kompas នៅថ្ងៃអង្គារនេះ (ទី២៩ ខែតុលា) នេះ បានរាយការណ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto នឹងធ្វើដំណើរទៅកាន់ប្រទេសចិន និងសហរដ្ឋអាមេរិក អំឡុងដំណើរទស្សនកិច្ច ៥ប្រទេស ដែលមានរយៈពេលត្រឹមតែប៉ុន្មានសប្តាហ៍ បន្ទាប់ពីចូលកាន់តំណែង ដោយនេះជាការបង្ហាញនូវគោលបំណងរបស់លោក ក្នុងការបន្តនូវមាគ៌ានៃតួនាទីដ៏សកម្ម នៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ថា លោក Prabowo បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែតុលា ហើយក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ២១ ក្នុងនោះរួមមានប្រទេសចិន ជប៉ុន រុស្ស៊ី និងអូស្ត្រាលីផងដែរ។ លោកបាននិយាយថា តំណែងប្រធានាធិបតីរបស់លោក នឹងបន្តគោលនយោបាយការបរទេសដែលអនុវត្តមកជាយូរហើយរបស់ប្រទេសឥណ្ឌូណេស៊ី នោះគឺការមិនចូលបក្សសម្ព័ន្ធ។
សារព័ត៌មាន Kompas បានឲ្យដឹងទៀតថា អតីតរដ្ឋមន្ត្រីការពារជាតិ និងជាមេបញ្ជាការកងកម្លាំងពិសេសរូបនេះ នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន សហរដ្ឋអាមេរិក ប៉េរូ ប្រេស៊ីល និងចក្រភពអង់គ្លេស។
តែយ៉ាងណាក្ដី ក្រសួងការបរទេសមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ហើយអ្នកនាំពាក្យការិយាល័យរបស់លោក Prabowo មិនអាចបញ្ជាក់បានភ្លាមៗនោះដែរ អំពីការធ្វើដំណើរដែលត្រូវបានគ្រោងទុកនេះ៕

