នៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃអង្គារនេះ រៀបចំឡើងក្នុងទីក្រុង Jiuquan មុនការបាញ់បង្ហោះនាថ្ងៃពុធ ចិនបានណែនាំអវកាសយានិក ៣រូបដែលពួកគេនឹងបញ្ជូនទៅកាន់ទីអវកាសសម្រាប់បេសកកម្មមានមនុស្សលើកទី ១៤របស់ពួកគេ ។
ក្រុមអវកាសយានិកនៅក្នុងបេសកកម្ម Shenzhou-19 នឹងត្រូវបញ្ជូនទៅកាន់គន្លងផែនដីទាប នាថ្ងៃពុធស្អែកនេះ ជាកន្លែងដែលការពិសោធន៍វិទ្យាសាស្រ្តរាប់សិបលើក នឹងត្រូវធ្វើឡើង ហើយនិងដឹកនាំដោយលោក Cai Xuzhe ដែលបានស្ថិតក្នុងបេសកកម្ម Shenzhou-14 កាលពីខែមិថុនា ឆ្នាំ ២០២២ ។
អវកាសយានិក ២រូបផ្សេងទៀត គឺលោក Song Lingdong និងអ្នកនាង Wang Haoze គឺជាអវកាសយានិកវ័យក្មេងកើតក្នុងឆ្នាំ ១៩៩០ ដែលនឹងចុះបេសកកម្មលើកដំបូងរបស់ពួកគេនៅទីអវកាស ។
បច្ចុប្បន្ន អ្នកនាង Wang គឺជាវិស្វករទីអវកាសស្រីលើកដំបូងគេតែម្នាក់គត់របស់ចិន និងជាស្រ្តីជនជាតិចិនទី ៣ ត្រូវបានបញ្ជូនទៅកាន់ទីអវកាស ៕


