ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ និងជាតំណាងអចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeed Iravani បានថ្លែងថា ការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល នឹងផ្អែកលើសិទ្ធិរបស់ប្រទេសនីមួយៗ ដើម្បីការពារខ្លួនពីការឈ្លានពាន ដែលត្រូវបានបញ្ជាក់ក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានដកស្រង់សម្តីរបស់បេសកជនអ៊ីរ៉ង់រូបនេះថា៖«ក្នុងនាមជារដ្ឋអធិបតេយ្យមួយ សាធារណៈរដ្ឋឥស្លាមអ៊ីរ៉ង់ រក្សាសិទ្ធិរបស់ខ្លួន ក្នុងការឆ្លើយតបនៅពេលនៃការជ្រើសរើសរបស់ខ្លួនចំពោះសកម្មភាពឈ្លានពាននេះ ជាសិទ្ធិមួយដែលត្រូវបានបញ្ជាក់យ៉ាងច្បាស់ នៅក្រោមមាត្រា ៥១នៃធម្មនុញ្ញរបស់UN។ ការឆ្លើយតបរបស់យើង នឹងស្របច្បាប់ និងអនុលោមតាមចច្បាប់អន្តរជាតិយ៉ាងពេញលេញ»។
លោក Iravani បាននិយាយថា ទីក្រុងតេអេរ៉ង់ថ្កោលទោសការឈ្លានពានរបស់អ៊ីស្រាអែល «តាមមធ្យោបាយដ៏ខ្លាំងក្លាបំផុត» ខណៈដែលលោក បានពណ៌នាអំពីសកម្មភាពអរិភាពរបស់រដ្ឋជ្វីហ្វថា ជា ការរំលោភយ៉ាងច្បាស់និងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ជាពិសេសគោលការណ៍ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសទាំងអស់។
លោក Iravani បានបន្តថា៖«ការរំលោភច្បាប់អន្តរជាតិឥតឈប់ឈរ និងជាប្រព័ន្ធរបស់អ៊ីស្រាអែល - ការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ និងឧក្រិដ្ឋកម្មដែលកំពុងបន្តនៅក្នុងប្រទេសប៉ាឡេស្ទីន និងលីបង់ ព្រមទាំងនៅក្នុងប្រទេសស៊ីរី និងយេម៉ែន ជាការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ ហើយទង្វើនេះ ទាមទារឲ្យមានការថ្កោលទោសយ៉ាងច្បាស់លាស់ និងចំណាត់ដ៏ម៉ឺងម៉ាត់របស់ក្រុមប្រឹក្សា [សន្តិសុខអង្គការសហប្រជាជាតិ] នេះ។

