សហរដ្ឋអាមេរិក បានព្រមានអ៊ីរ៉ង់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) ពីផលវិបាកធ្ងន់ធ្ងរ បើសិនជាពួកគេបង្កសកម្មភាពឈ្លានពានបន្ថែមទៀតប្រឆាំងអ៊ីស្រាអែល ឬបុគ្គលិកសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ។
លោកស្រី Linda Thomas-Greenfield គឺជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅ UN បាននិយាយប្រាប់ក្រុមប្រឹក្សាសន្តិសុខមានសមាជិក ១៥ប្រទេសថា ពួកយើងនឹងមិនស្ទាក់ស្ទើក្នុងការការពារខ្លួនឯងនោះឡើយ ។ សូមកុំភាន់ច្រឡំ ។ សហរដ្ឋអាមេរិក មិនចង់មើលឃើញការឡើងកម្តៅបន្ថែមទៀតនោះទេ ។ ពួកយើងជឿថា នេះគួរតែជាការបញ្ចប់ការផ្ទុះអាវុធដោយផ្ទាល់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ ។
ក្រុមប្រឹក្សាសន្តិសុខ UN បានជួបជុំគ្នាកាលពីថ្ងៃចន្ទ ក្រោយអ៊ីស្រាអែលវាយប្រហាររោងចក្រផលិតមីស៊ីល និងទីតាំងផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់ មុនពេលថ្ងៃរះកាលពីថ្ងៃសៅរ៍ ។ វាគឺជាការសងសឹកនឹងការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃទី ១ ខែតុលា លើអ៊ីស្រាអែល ដោយប្រើប្រាស់មីស៊ីលបាលីស្ទិកប្រហែល ២០០គ្រាប់ ។
ដោយឡែក ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅ UN លោក Amir Saied Iravani បានចោទប្រកាន់ទីក្រុងវ៉ាស៊ីងតោនថា មានការជាប់ពាក់ព័ន្ធ តាមរយៈការគាំទ្រផ្នែកយោធាដល់សម្ព័ន្ធមិត្តរបស់ខ្លួនមួយនេះ ។
លោកបាននិយាយប្រាប់ក្រុមប្រឹក្សាថា អ៊ីរ៉ង់បានគាំទ្រផ្នែកការទូតឥតឈប់ឈរ ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជារដ្ឋអធិបតេយ្យភាព សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ សុំរក្សាសិទ្ធិក្នុងការឆ្លើយតបនៅពេលវេលាដែលពួកគេជ្រើសរើសចំពោះទង្វើឈ្លានពានមួយនេះ ។
ខណៈពេលនោះដែរ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅ UN លោក Danny Danon បានអំពាវនាវឲ្យក្រុមប្រឹក្សាសន្តិសុខ ដាក់ទណ្ឌកម្មលើហេដ្ឋារចនាសម្ព័ន្ធយោធា និងសេដ្ឋកិច្ចអ៊ីរ៉ង់ ហើយនិងចាត់វិធានការចាំបាច់ ដើម្បីការពាររបបមួយនេះ ពីការទទួលបានសមត្ថភាពនុយក្លេអ៊ែរ ៕



