អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយនៅថ្ងៃអង្គារនេះថា រោងចក្រយោធា របស់ក្រុមហ៊ុនអាល្លឺម៉ង់ Rheinmetall RHMG.DE ដែលបានបើកក្នុងប្រទេសអ៊ុយក្រែននៅចុងខែតុលានេះ អាចក្លាយជាគោលដៅវាយប្រហាររបស់រុស្ស៊ី ។
ក្រុមហ៊ុន Rheinmetall និយាយថា ពួកគេមានគម្រោងបើករោងចក្រយោធា ៤កន្លែងនៅអ៊ុយក្រែន ។ នៅមុននេះ ក្រសួងការបរទេសរុស្ស៊ី បានចាត់ទុករួចទៅហើយថា រោងចក្រពាក់ព័ន្ធនឹងអាល្លឺម៉ង់ ដែលកំពុងស្ថិតក្រោមការសាងសង់ គឺជាគោលដៅវាយប្រហារស្របច្បាប់សម្រាប់កងទ័ពរុស្ស៊ី ។
ខណៈពេលនោះដែរ វិមានក្រឹមឡាំង និយាយដែរថា រុស្ស៊ីពុំបានជាប់ពាក់ព័ន្ធនឹងកិច្ចការផ្ទៃក្នុងរបស់ហ្សកហ្ស៊ីនោះទេ ក្រោយការបោះឆ្នោតជម្លោះនៅក្នុងប្រទេសមួយនេះ ។
មនុស្សរាប់ម៉ឺននាក់ នាំគ្នាតវ៉ានៅក្រៅសភាហ្សកហ្ស៊ី ស្ថិតក្នុងទីក្រុង Tbilisi កាលពីថ្ងៃចន្ទ ក្រោយគណបក្សកាន់អំណាចឈ្នះការបោះឆ្នោតដែលរងការចោទប្រកាន់ដោយសេចក្តីរាយការណ៍ជាច្រើនថាការបោះឆ្នោតខុសប្រក្រតីភាព បង្ខំឲ្យប្រទេសមហាអំណាចលោកខាងលិច អំពាវនាវឲ្យមានការស៊ើបអង្កេត ៕

