នគរបាលន័រវែស និយាយថា រថអគ្គីសនី បានបោកបុកចូលក្នុងហាងលក់កុំព្យូទ័រមួយកន្លែងនៅកណ្តាលទីក្រុង Oslo នាថ្ងៃអង្គារនេះ បណ្តាលឲ្យអ្នកបើកបរ និងអ្នកដំណើរ ៣នាក់ផ្សេងទៀត រងរបួស ។
យោងតាមការអះអាងរបស់ក្រុមនគរបាល បានឲ្យដឹងថា មាននូវអ្នកដំណើរប្រហែល ២០នាក់នៅលើរថអគ្គិសនីនេះ នៅពេលដែលវាជួបគ្រោះថ្នាក់ ។
រូបថតសន្លឹកពីកន្លែងកើតហេតុឃើញរថអគ្គិសនីពណ៌ខៀវមួយគ្រឿងបើកបុកចូលក្នុងហាងលក់កុំព្យូទ័រនៅជាន់ផ្ទាល់ដីនៃអគារកម្ពស់ ៤ជាន់ ស្ថិតនៅមជ្ឈមណ្ឌលរដ្ឋធានីប្រទេសន័រវែសមួយនេះ ។
នគរបាលនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ពួកយើងកំពុងធ្វើការ ដើម្បីពិនិត្យមើលទំហំនៃការខូចខាត ប៉ុន្តែមាននូវការខូចខាតច្រើនណាស់នៅក្នុងហាង ។
ក្រុមនគរបាលនិយាយថា គ្រោះថ្នាក់នេះ នាំឲ្យមានការឆ្លើយតបទ្រង់ទ្រាយធំដោយក្រុមសេវាកម្មជួយសង្រ្គោះ និងការបិទតំបន់មួយនេះ ។ អគារត្រូវបានជម្លៀសមនុស្សចេញ ហើយនិងត្រូវពិនិត្យមើលការខូចខាតរចនាសម្ព័ន្ធ ៕